(ភ្នំពេញ)៖ បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ដែលបានរត់ចេញពីទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន កាលពីម្សិលមិញនោះ ត្រូវបានក្រុមសមត្ថកិច្ចជំនាញរកឃើញវិញហើយ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាម លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បុរសខ្មែរសញ្ជាតិអាមេរិកាំងនេះ មានឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ រូបគេបានរត់ចេញពីការធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារមួយ ក្នុងខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច។

បើតាម លោកស្រី យក់ សម្បត្តិ, ក្រោយពេលរត់ចេញ សមត្ថកិច្ចដែលក្នុងនោះមានកម្លាំងនគរបាលចារកម្ម នគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានស្រាវជ្រាវ ហើយបានរកឃើញបុរសម្នាក់នេះស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ។ ក្រោយពេលរកឃើញនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅធ្វើតេស្តម្តងទៀត និងបានបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័កឡើងវិញរយៈពេល១៤ថ្ងៃពេញតែម្តង។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមានអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក។ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅក៏មានស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរត់ចេញពីមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញផងដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ច តាមស្វែងរកឃើញវិញ នៅក្នុងខេត្តកំពង់ចាម៕