(ក្រចេះ)៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ក្រោមការបញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍​ស្នងការ លន់ សុផាត នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចែកចាយ​​គ្រឿងញៀន ដោយឃាត់ខ្លួនជនល្មើស៥នាក់ជាបន្តបន្ទាប់ ស្ថិតនៅចំណុចស្ទឹងខៀវ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

មន្រ្តីនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យ៤នាក់​ត្រូវបានចាប់​ខ្លួនដំបូងរួមមាន៖
១. ឈ្មោះ សារី ជា អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែស្តៅ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ (មុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំ១១ខែ ពាក់ព័ន្ឋករណីឃាតកម្ម និង ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំលើកទី២រយៈពេល០៦ខែពាក់ព័ន្ឋករណីអំពើលួចម៉ូតូ)
២​. ឈ្មោះ នួន សុខលី អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ (មុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារត្បូងឃ្មុំ០៦ឆ្នាំ ពាក់ព័ន្ឋករណីប្លន់)
៣​. ឈ្មោះ ហាក់ ពៅ  អាយុ៥៤ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
៤. ឈ្មោះ ណាក់ វ៉ាន់ណេត ភេទស្រី អាយុ២៣ឆ្នាំ រស់នៅឃុំអណ្តូងថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយចាប់ខ្លួនកម្លាំងនគរបាលបាន  ដកហូតវត្ថុតាង សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនបន្សល់ទុកកន្លែងកើតហេតុ។

នៅថ្ងៃដដែលនេះ កំលាំងជំនាញបានសហការជាមួយកំលាំងប៉ុសិ្តរដ្ឋបាលបានបន្តធ្វើការបង្ក្រាបករណីជួញដូររក្សារទុកគ្រឿងញៀននៅចំណុចផ្ទះជួលភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួលខេត្តក្រចេះ ដោយ ឃាត់ខ្លួនស្រី្តម្នាក់ឈ្មោះតុង ស្រីមានអាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួល  ខេត្តក្រចេះ។

សូបបញ្ជាក់ថា ក្នុងករណីបង្ក្រាបខាងលើ កម្លាំងនគរបាលបានដកហូតថ្នាំញៀនចំនួន៩កញ្ចប់ ផងដែរ៕