(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការ ចិត្ត សង្គម អន្តរវប្បធម៌ កម្ពុជា (TPO) ដែលជាអង្គការផ្ដោតលើបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា បានថ្លែងឲ្យដឹងថា កំណើននៃអ្នកជំងឺមកព្យាបាល និងពិគ្រោះអំពីបញ្ហាផ្លូវចិត្ត មានកាន់តែច្រើន និងឈានដល់១ម៉ឺននាក់ក្នុង១ឆ្នាំ។
ការលើកឡើងបែបនេះ របស់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ធ្វើឡើងក្នុងកម្មវិធី «គម្រោងលើកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត» ដោយមានការសហការជាមួយ មូលនិធិរក្សាកុមារ ក្រោមការចូលរួមពីលោកស្រី ជា សិរី ស្ថាបនិកអង្គការរក្សាកុមារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថា «អ្នកដែលស្វែងរកសេវាសុខភាពផ្លូវចិត្តនេះ មានចំនួនកាន់តែកើនឡើងក្នុងមួយឆ្នាំៗ ដោយឆ្នាំដំបូងនៃការបើកដំណើរការអង្គការ TPO មានអ្នកជំងឺប្រមាណ៤០០នាក់ ក្នុងមួយឆ្នាំមកពិនិត្យពិគ្រោះ ហើយបន្ដឡើងរហូដល់ចន្លោះ៣-៤ពាន់នាក់ក្នុងមួយឆ្នាំ ហើយបច្ចុប្បន្ននេះមានរហូតដល់១ម៉ឺននាក់ក្នុងមួយឆ្នាំ»។
លោកវេជ្ជបណ្ឌិតបន្ថែមថា ដោយឃើញអំពីបញ្ហាទាំងនេះទើបអង្គកា TPO បានរៀបចំ «គម្រោងលើកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត» នឹងជំរុញឲ្យអ្នកជំងឺកាន់តែយល់ច្បាស់ និងស្វែងរកអ្នកជួយបានទាន់ពេលវេលា។ លោកបានបន្ដថា វ័យដែលប្រឈមច្រើនលើបញ្ហា សុខភាពផ្លូវចិត្តនេះ គឺវ័យចន្លោះពី២០ឆ្នាំដល់៥០ឆ្នាំ ប៉ុន្ដែថ្មីៗនេះក៏មានចំនួនមនុស្សចាស់ជាច្រើនផងដែរ បានមកពិគ្រោះអំពីជំងឺផ្លូវចិត្តនេះ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ចំនួនអ្នកមានបញ្ហាសុខភាពផ្លូវចិត្តនេះ កាន់តែកើនឡើងផងដែរ។
លោកវេជ្ជបណ្ឌិតបន្ដថា ក្រោមការសហការជាមួយនឹងមូលនិធិរក្សាកុមារ លើ «គម្រោងលើកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត» សាកល្បងរយៈពេល៣ខែសិន ប៉ុន្ដែកន្លងមកមូលនិធិរក្សាកុមារ បានជួយដល់អង្គការ TPO ប្រមាណ៣ឆ្នាំមកហើយ លើគម្រោងដោះច្រវ៉ាក់ ដែលផ្ដោតសំខាន់លើអ្នកជំងឺផ្លូវចិត្តធ្ងន់ៗជាច្រើន ដែលខ្វះលទ្ធភាពព្យាបាល និងមានទីលំនៅឆ្ងាយមិនអាចព្យាបាលបាន។
លោកស្រី ជា សិរី បានថ្លែងថា បច្ចុប្បន្នខណៈប្រទេសកម្ពុជាកំពុងប្រឈម នឹងបញ្ហាកូវីដ១៩ ឃើញថា ប្រជាពលរដ្ឋមានសម្ពាធផ្លូវចិត្តច្រើន ដោយអ្នកខ្លះបាត់បង់ការងារ, ចំណូល ឬនៅឆ្ងាយពីគ្រួសារជាដើម ជាបញ្ហាប្រឈមលើបញ្ហាផ្លូវចិត្ត ដូច្នេះការលើកម្ពស់ការយល់ដឹងផ្លូវចិត្តនេះ និងរកជំនួយទាន់ពេលវេលា និងជួយបានច្រើន។
លោកស្រីបន្ថែមថា «ចំពោះសុខភាពផ្លូវចិត្តមូលនិធិរក្សាកុមារ ធ្វើការជាមួយអង្គការ TPO បានជាង៣ឆ្នាំមកហើយ ដោយធ្វើសន្សឹមៗ ប៉ុន្ដែក្នុងអំឡុងពេលនៃកូវីដ១៩នេះ ឃើញមានបញ្ហាផ្លូវចិត្តជាច្រើន រួមទាំងការធ្វើអត្តឃាតខ្លួនឯង ឬហិង្សាសម្លាប់គ្រួសារ ប្ដីប្រពន្ធ កូនជាដើម កត្តាទាំងនេះហើយបានជាខ្ញុំគិតថា បញ្ហាផ្លូវចិត្តសំខាន់ និងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ដូច្នេះបានជាមូលនិធិរក្សាកុមារ និងអង្គការ TPO រៀបចំយុទ្ធនាការនេះឡើង»៕