(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា ឲ្យបន្តយ៉ាងសកម្មចំពោះភារកិច្ចរបស់ខ្លួនក្នុងការលើកតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ តាមរយៈកិច្ចការអភិរក្ស ដើម្បីជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរឲ្យទស្សនាកាន់តែច្រើន។។

ការជំរុញរបស់លោកស្រីរដ្ឋមន្ត្រិីខាងលើនេះធ្វើឡើងក្នុងឱកាសដែលលោកស្រីចុះបំពេញភារកិច្ចនៅខេត្តសៀមរាប និងបានចុះពិនិត្យការរៀបចំមណ្ឌលបដិសណ្ឋារកិច្ច ការរៀបចំកែលម្អសោភ័ណភាពនិងសួនបៃតងនៅមុខបរិវេណប្រាសាទអង្គរវត្ត នារសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

ទន្ទឹមនឹងការសង្កេតឃើញនូវវឌ្ឍនកិច្ចដ៏ល្អប្រសើរ លោកស្រីរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា ឲ្យបន្តយ៉ាងសកម្មចំពោះភារកិច្ចរបស់ខ្លួនក្នុងការលើកតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ តាមរយៈកិច្ចការអភិរក្ស។

ជាពិសេសធ្វើយ៉ាងណារក្សានូវភាពទាក់ទាញ និងភាពអស្ចារ្យរបស់ប្រាង្គប្រាសាទនៃរមណីយដ្ឋានអង្គរក្នុងក្តីសុបិន្តរបស់ភ្ញៀវទេសចរអន្តរជាតិដែលប៉ងប្រាថ្នាមកទស្សនាទីនេះ តាមរយៈនៃកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕