(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី២០ ខែកុម្ភៈនេះថា មានករណីជំងឺផ្តាសាយជ្រូក បានកើតឡើងនៅលើបុរសម្នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺផ្តាសាយជ្រូកនេះ ប្រសិនបើកើតនៅលើអ្នកមានជំងឺសួតនោះ វានឹងធ្វើឲ្យមានសភាពធ្ងន់ធ្ងរ ប៉ុន្តែវាមិនមែនជាជំងឺចម្លែកនោះទេ គ្រាន់តែខុសប្លែកពីជំងឺផ្តាសាយធម្មតាបន្តិចបន្តួច ហើយនៅពេលនេះមន្រ្តីជំនាញរបស់សុខាភិបាល បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះ ការវិវត្តន៍ជំងឺ។

លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News មុននេះបន្តិចដែរថា ជំងឺនេះជាប្រភេទ H1N1 ដែល​អាចនឹងបាត់ទៅវិញ​នៅអំឡុងរយៈពេល​១-២សប្តាហ៍ ហើយអាចឆ្លងតាមរយៈផ្លូវដង្ហើម និងកណ្តាស៕