(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានចាត់ទុកថា របាយការណ៍សង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ដែលផ្សព្វផ្សាយដោយ អង្គការឃ្លាំមើលការបោះឆ្នោត (COMFREL) កាលពីម្សិលមិញ មានលក្ខណៈលំអៀងទៅរក គណបក្សសង្រ្គោះជាតិ។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី COMFREL ឆ្នាំទី២នៃរដ្ឋសភានីតិកាលទី៥ (ឆ្នាំ២០១៥) សកម្មភាពចុះមូលដ្ឋានរបស់តំណាងរាស្រ្តបានធ្លាក់ចុះពីឆ្នាំមុន ហើយថាក្នុងនោះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានចុះទៅមូលដ្ឋានតិចជាង គណបក្សសង្រ្គោះជាតិ។

លោក សុខ ឥសាន បានប្រាប់ Fresh News ឱ្យដឹងថា របាយការណ៍របស់អង្គការនេះ មិនឆ្លុះបញ្ជាក់ពីសកម្មភាពជាក់ស្តែង របស់គណបក្សប្រជាជនទេ ហើយថា គណបក្សប្រជាជនតែចុះមូលដ្ឋានជាញឹកញាប់ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីរបាយការណ៍នោះទេ។

លោកថា «ការវាយតម្លៃរបស់ខមហ្វែ្រលមិនមែនជាកត្តាសត្យានុម័តទេ គាត់វាយតម្លៃទៅតាមជំហររបស់គាត់ផ្ទាល់ ចំណែកគណបក្សប្រជាជនពេលដែលចុះមូលដ្ឋានមិនបានរាយការណ៍ជូនគាត់ទេ គឺគេចុះទៅតាមការងារ តួនាទីភារកិច្ចរបស់គេម្នាក់ៗ»

លោក សុខ ឥសាន្ត បានបន្ថែមថា «ចំណែកការិយាល័យនៅតាមបណ្តាខេត្ត ក៏តំណាងរាស្រ្តគណបក្សប្រជាជន មិនដែលទៅអើតទេ ពួកគេចុះតែតាមភូមិឃុំ អញ្ចឹងហើយទើបខ្វះរបាយការន៍ យើងនិយាយថា យើងធ្វើមិនមែនដើម្បីរបាយការណ៍ទេ ប៉ុន្តែយើងធ្វើនេះយើងយកខ្លឹមសារ ដើម្បីប្រយោជន៍ប្រជាជន»

របាយការណ៍របស់អង្គការ COMFREL (ខមហ្វ្រេល) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពី ការសង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ឆ្នាំទី២ នៃរដ្ឋសភានីតិកាលទី៥ ក្នុងឆ្នាំ២០១៥ បានបង្ហាញថា សកម្មភាពរបស់គណៈកម្មការជំនាញរបស់រដ្ឋសភានិងចំនួននៃការឡើងបញ្ចេញមតិរបស់តំណាងរាស្រ្ត ក្នុងកិច្ចប្រជុំពេញអង្គមានការកើនឡើង ប៉ុន្តែសកម្មភាពចុះមូលដ្ឋានរបស់តំណាងរាស្រ្តមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំទី១ (ឆ្នាំ២០១៤)។

របាយការណ៍នេះ បានអះអាងថា ការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្រ្ត ក្នុងរយៈពេលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែតុលា ឆ្នាំ២០១៥ មានតំណាងរាស្រ្តចំនួន៩១រូប ដែលធ្វើសកម្មភាពចំនួន១០០៤លើក ក្នុងនោះមានតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ៤២រូប បានចុះមូលដ្ឋានចំនួន៧៧៤លើក ហើយតំណាងរាស្រ្តពី គណបក្សប្រជាជនកម្ពុជា មាន៤៩រូប ចុះមូលដ្ឋានចំនួន២៣០លើក៕