(ភ្នំពេញ)៖ សលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅរៀលរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ ក្រុមយុវជនកាកបាទក្រហមចំនួន៣២០នាក់ គ្រូទីប្រឹក្សាមួយចំនួន បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុប គោលដៅចំនួន២០ ក្នុងរាជធានីភ្នំពេញ គោលបំណងនៃការចុះអប់រំ សុវត្ថិភាពចរាចរណ៍នេះ សំដៅជួយដាស់តឿន ក្រើនរំលឹកបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវ ឲ្យមានការភ្ញាក់រលឹក ចេះគោរពច្បាប់ចរាចរណ៍។

សាលារាជធានីភ្នំពេញ តាមរយៈ Facebook Page បានបញ្ជាក់ថា ដើម្បីរួមចំណែកកាត់បន្ថយ នូវអាត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជារួមចំណែកការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងដោយឈរលើទិសយុទ្ធសាស្រ្តទី១ របស់កាកបាទក្រហមកម្ពុជា (រួមចំណែកសង្រ្គោះជីវិត កសាងភាពធន់មាំទៅនឹងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ) ព្រមទាំងវិស័យស្នូលទី១ (ការគ្រប់គ្រងគ្រោះមហន្តរាយ) នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក៏ដូចជារៀងរាល់ព្រឹកថ្ងៃសៅរ៍ សប្តាហ៍មុនៗផងដែរ ក្រុមយុវជនកាកបាទក្រហម ចំនួន៣២០នាក់ គ្រូទីប្រឹក្សាមួយចំនួន បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុប គោលដៅចំនួន២០ ក្នុងរាជធានីភ្នំពេញ។

សាលារាជធានីបានបញ្ជាក់ទៀតថា «គោលបំណងនៃការចុះអប់រំ សុវត្ថិភាពចរាចរណ៍នេះ សំដៅជួយដាស់តឿន ក្រើនរំលឹកបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវ ឲ្យមានការភ្ញាក់រលឹក ចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អាធាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេសក្នុងន័យសំដៅរួមគ្នា ធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសយើងទាំងមូល មានរបៀបរៀបរយ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព»