(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០០គ្រួសារ នៅភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អំណោយទាំងនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនសមាគម HASENE នៃប្រទេសតួកគី សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU)។

ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ស្ករស២គីឡូក្រាម, ប្រេងឆា២លីត្រ, ត្រីខ៤កំប៉ុង, មី១០កញ្ចប់, សាប៊ូដុះខ្លួន៤ដុំ, សាប៊ូលាងចាន១ដប និងអំបិល១គីឡូក្រាម។

ថ្លែងក្នុងឱកាសនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចខ្លួនធ្វេសប្រហែសនឹងការឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះ មិនទាន់ផុតរលត់នៅឡើយទេ។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជាក់ស្តែងយោងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលព្រឹកមិញនេះ គឺកម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ ដល់ទៅ១៣ករណី ដែលសុទ្ធសឹងមកពីខាងក្រៅ ក្នុងនោះពលករខ្មែរមកពីប្រទេសថៃ មាន០៨នាក់ និងមកពីបរទេស៥នាក់៕