(ភ្នំពេញ​)៖​ នៅ​ថ្ងៃទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​៨នាក់​ ដែល​សកម្ម​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្លន់​នារី​ៗ​ពេល​យប់​ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​រក​បក្ខពួក​កំពុង​រត់​គេច​ខ្លួន​ បន្ថែម​ទៀត​។ ​

សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹងថា​ ក្រោយ​មាន​អំពើ​ប្លន់​កើតឡើង​រួចមក ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ មុខសញ្ញា​ប្លន់​ជា​បន្តបន្ទាប់​ កាល​ពី​​ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៦។

ក្នុង​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ចំការមន ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩BE0 ផ្លូវ​លេខ​៣០៤ សង្កាត់​បឹង​កេងកង ក្រោយពី​ក្រុម​នេះ​បាន​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ ស្កុបពី ព​ណ៌​ស ស្លាក​លេខ​កណ្ដាល 1R-0950 របស់​ជនរងគ្រោះ​ ឈ្មោះ អ៊ិន គឹម​ស្រ៊ា​ន​។ ក្រោយពេល​ឃាត់​ខ្លួន​ ជនសង្ស័យ​សារភាពថា ​ក្រុម​ពួកគេ​មាន​គ្នា​៤​នាក់​ បាន​គេច​ខ្លួន​អស់ហើយ​ រីឯ​ម៉ូតូ​មួយ​គ្រឿង របស់​ជនរងគ្រោះ​សមត្ថកិច្ច ​បាន​ប្រគល់​ឲ្យ​​ម្ចាស់​ដើម​វិញ​។

​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់​ផ្សេងទៀត​ ជា​បន្តបន្ទាប់ ក្នុង​នោះ​៣​នាក់ ​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ២​នាក់​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌចំការមន និង​២​នាក់​ទៀត​ឃាត់ខ្លួន​ បាន​នៅ​ខណ្ឌ​ឫស្សីកែវ​។

តាម​ចម្លើយ​សារ​ភាព​របស់​ក្រុម​នេះ ពួកវា​តែងតែ​ធ្វើ​សកម្មភាព​ចេញ​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ ​សរុប​មិន​តិច​ជាង​២០​ដង​រួច​មក​ហើយ ភាគច្រើន​គឺ​ពួកវា​តែង​ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ ទូរស័ព្ទ​ពី​ស្ត្រី​ដែល​ដើរ​ម្នាក់​ឯង ឬ​ចុះ​ពី​រថយន្ត​បើកទ្វារ​ចូល​ផ្ទះ​៕