(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំក្រសួង លោក ឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចុះពិនិត្យការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន២ខ្សែ ប្រវែងសរុប១៥គីឡូម៉ែត្រ និង១៨៧ម៉ែត្រ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

ខ្សែទី១៖ មានប្រវែង ៤ គីឡូម៉ែត្រ និង១៥០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិប្រច័ក្ស ទៅភូមិព្រៃមូល ភូមិតាលោឃុំព្រៃមូល ស្រុករលាប្អៀរ និងខ្សែទី២៖ ប្រវែង១១ គីឡូម៉ែត្រ និង៣៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ១៥០ A ត្រង់ចំណុចភូមិសាលាលេខ៥ ទៅផ្លូវលេខ១៥០B ទៅដល់ភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផលផ្លូវទាំងពីរខ្សែនេះ សម្រេចបានប្រមាណ៤៨%ហើយ គ្រោងនឹងក្រាលកៅស៊ូស្រទាប់ទី១ នៅខែសីហា និងបញ្ចប់១០០% នៅដើមឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវទាំងពីរខ្សែនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល ៣០ ខែចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៦ គឺខេត្តកំពង់ស្ពឺ ៤ខ្សែ ខេត្តកណ្តាល ៣ខ្សែ ខេត្តត្បូងឃ្មុំ ២ខ្សែ ខេត្តព្រៃវែង ១ខ្សែ និងនៅក្នុងខេត្តស្វាយរៀងចំនួន ១ខ្សែ និងនៅខេត្តកំពង់ឆ្នាំងមានចំនួន ៦ខ្សែ ប្រវែងសរុប៣៦គីឡូម៉ែត្រ និង៥២០ម៉ែត្រ រួមទាំងសំណង់ដោះទឹកផងដែរ។

គម្រោងជំហានទី២នេះ នឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ១១៩ គីឡូម៉ែត្រ និង៤៦៧ម៉ែត្រ ដែលត្រូវបានចែកជាពីរកញ្ចប់ ផ្សេងគ្នារួមមាន៖ កញ្ចប់ទី១ អនុវត្តដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. នឹងត្រូវធ្វើការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៧៩ គីឡូម៉ែត្រ និង១៣៧ ម៉ែត្រ នៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល។ ជាលទ្ធផលសម្រេចបានប្រមាណ ៤៥.២៦% នៃគម្រោង។

ដោយឡែកកញ្ចប់ទី២ អនុវត្តដោយក្រុមហ៊ុន YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO., LTD នឹងត្រូវធ្វើការសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៤០គីឡូម៉ែត្រ និង៤១ម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង ។ លទ្ធផលសម្រេចបាន ១៥.៦៤% នៃគម្រោងទាំងមូល។

លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការ នៅការដ្ឋានត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមគំរូប្លង់ដែលបានគ្រោងទុក ដើម្បីធានាបានទាំងគុណភាព និងសោភ័ណ្ឌភាព៕