(ភ្នំពេញ)៖ ករណីឃាតកម្មជនជាតិចិន ប្រុសស្រីចំនួន ២នាក់ ដែលត្រូវបានប្រទះឃើញដេកស្លាប់ ក្នុងនៅបន្ទប់ខុនដូ យីហោ LH RESIDENCE បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះត្រួតពិនិត្យបន្ទប់លេខ A1003 ជាន់ទី១០ តាមផ្លូវលេខ០៩ ស្ថិតនៅភូមិ០៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះទី១ មានឈ្មោះ CAO RUIXIN ជនជាតិចិន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ជាមិត្តស្រីជនរងគ្រោះ ទី២ ឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូកើតហេតុ។

ហេតុការនេះកើតឡើង នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលទាំងបុគ្គលិក និងកម្លាំងនគរបាលរួមកម្លាំងកងរាជអាវុធហត្ថ ដោយប្រទះឃើញបុរស និងស្រ្តីជាមិត្តស្រី បានស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ក្រោយមកកម្លាំងសមត្ថកិច្ច ក៏បានសហការជាមួយកម្លាំងជំនាញ នគរបាលការិយាល័យកោសល្យវិច្ច័យ ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។

ចំពោះករណីនេះ សមត្ថកិច្ចសង្ស័យជាឃាតកម្មប្លន់យកលុយ ពីជនរងគ្រោះដោយជនសង្ស័យប្រុសចំនួន២នាក់ ដែលម្នាក់ប្រើកាំភ្លើងខ្លីភ្ជង់បុរសជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀត យកកាំបិតភ្ជង់ស្រ្តីរងគ្រោះ។ ជនសង្ស័យបានជួលបន្ទប់ក្នុងខុនដូ យីហោ LH RESIDENCE នៅជាន់ទី០៩ ដែលបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត។

កម្លាំងជំនាញបានត្រួតពិនិត្យ ដោយមានឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ករណីឃាតកម្មដោយប្រុសរងគ្រោះ ត្រូវបានជនសង្ស័យប្រើខ្សែគោចងរឹតកបណ្ដាលឲ្យស្លាប់ រួចអូសចូលក្នុងបន្ទប់ទឹក។ ចំណែកជនរងគ្រោះស្រ្តី ត្រូវជនសង្ស័យប្រើវិធីយកក្រណាត់ ដាក់ចូលមាត់រួចយកស្កុតបិទមាត់ ច្រមុះ ភ្នែក ជិតធ្វើឲ្យដាច់ខ្យល់ស្លាប់ ។ ដោយខ្លាចជនរងគ្រោះរើ ជនសង្ស័យក៏យកខ្សែគោរុំជើងទាំងសងខាង កុំឲ្យដើរ ឬលោតបាន រួចជនសង្ស័យចាក់សោទ្វារហើយចេញទៅបាត់។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលយក ទៅស្រុកកំណើតវិញ។ កម្លាំងសមត្ថកិច្ចកំពុងដុតដៃជើង តាមចាប់មុខសញ្ញា ដែលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់៕