(ភ្នំពេញ)​៖ បុរសម្នាក់បានបោកក្បាលនិងថ្ម ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារបុរសម្នាក់ជាជនជាតិចិន ស្រវឹងស្រាជោកជាំ បានបើករថយន្ត បុករឺម៉ករបស់ជនរងគ្រោះ ពីក្រោយពេញទំហឹង នៅម៉ោង៣៖៤០នាទីទៀបភ្លី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២0១៦ នៅចំណុចផ្លូវម៉ៅសេងទុង កែងនឹងផ្លូវត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាជនរងគ្រោះខាងលើ បានបើករ៉ឺម៉កតែម្នាក់ឯង ចេញពីតាខ្មៅ ដើម្បីទៅដឹកឥវ៉ាន់នៅម្តុំត្រឡោកបែក ដោយធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ ដែលស្រវឹងស្រាជោកជាំ បានបើករថយន្តបង្កម៉ាក ​LEXUS  ពាក់ស្លាកលេខភ្នំពេញ 2I-9998 បានបើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ជាមួយម៉ូតូជនរងគ្រោះ​។

លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវម៉ៅសេទុង កែងនឹងផ្លូវត្រសក់ផ្អែម រថយន្តបានបុកម៉ូតូរ៉ឺម៉ក ពីក្រោយពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កអូសទៅបុកនឹងបង្គោល ស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដើមទៀត។ ចំណែកឯជនរងគ្រោះនោះ បានផ្លោងទៅបោកក្បាលនឹងថ្មស្លាប់ភ្លាមៗ នៅនឹងកន្លែងហេតុតែម្ដង។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបង្កនោះ បានបន្ថែមល្បឿនបើកគេចខ្លួន រហូតទៅដល់ផ្លូវព្រះមុន្នីវង្ស ខាងត្បួងស្ទុបបូកគោ ប្រហែល៣០០ម៉ែត្រ ខណៈដែលរថយន្តបង្កនោះ បានបែកកង់មុខផ្នែកខាងស្ដាំ ទើបមិនអាចបន្តទៅមុខបាន ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងឃាត់ខ្លួនជនបង្កបានផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានយករថយន្តបង្ករួមទាំងម្ចាស់ និងរ៉ឺម៉ក់ទៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានស្គាល់ឈ្មោះ សួស នាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរដឹកគ្រឿងសមុទ្រ ស្នាក់នៅម្ដុំតាខ្មៅ​។ សពត្រូវបានបងប្អូនមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅឯខេត្តស្វាយរៀង៕