(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានប្រារព្ធកិច្ចសន្ទនាលើកទី៤ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) ក្នុងគោលបំណងបន្តពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួន របស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយ។

កិច្ចសន្ទនានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគរ និងមានការចូលរួមដោយតំណាង JBAC ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្ថាប័នធុរកិច្ចជប៉ុននៅក្រៅប្រទេស (JETRO) និងមន្ត្រីគយនិងរដ្ឋាករមួយចំនួនផងដែរ។

ថ្លែងក្នុងពិធីបើកកិច្ចសន្ទនា លោក KANDA Yogo ប្រធាន JBAC បានថ្លែងអំណរគុណដល់ អគរ ដែលបានរៀបចំកិច្ចសន្ទនានេះឡើង ដោយអនុវត្តវិធានការអនាម័យ និងរក្សាគម្លាត ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ និងបានធ្វើការកត់សម្គាល់ពីវិធានការកែលម្អនានាដែល អគរ បានដាក់ចេញ។

ទន្ទឹមនេះ បណ្ឌិត គុណ ញឹម បានលើកឡើងថារដ្ឋបាលគយកម្ពុជា ស្រដៀងគ្នានឹងរដ្ឋបាលគយនៃប្រទេសនានាលើពិភពលោកដែរ បាននិងកំពុងអនុវត្តនូវតួនាទីនិងភារកិច្ចគន្លឹះរបស់ខ្លួនចំនួន ៣ រួមមាន (១)ការងារប្រមូលចំណូលពន្ធអាករគយ (២)ការបង្ការនិងបង្រ្កាបបទល្មើសគយ និង (៣)ការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិ និងតាមបទប្បញ្ញត្តិជាតិជាធរមាន។ អគរ តែង តែខិតខំរក្សាឲ្យបាននូវតុល្យភាពគ្នារវាងការអនុវត្តច្បាប់ ជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឱ្យ ធុរជនអាចទទួលបាននូវភាពងាយស្រួល ក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទន្ទឹមគ្នាដែលរដ្ឋបាលគយអាចគ្រប់គ្រង បាននូវអនុលោមភាព របស់ធុរជនផងដែរ។

នាឱកាសនេះ អង្គប្រជុំបានលើកឡើងអំពីវឌ្ឍនភាព ការងារពាក់ព័ន្ធនឹងគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២។ បច្ចុប្បន្ន ក្រសួងស្ថាប័នដែលបានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរួមមាន ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វិទ្យាស្ថានជាតិស្តង់ដារ) និងក្រសួងសុខាភិបាល ។ ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំទាន់បានចូលរួមអនុវត្តនៅឡើយ។

ទន្ទឹមនេះ អង្គប្រជុំក៏បានលើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធវិធានការកំណែទម្រង់ និងការធ្វើសាមញ្ញកម្មនីតិវិធីគយសំខាន់ៗមួយចំនួនដែល អគរ បានដាក់ចេញ ស្របតាមកម្មវិធីកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ការសិក្សារយៈពេលបញ្ចេញទំនិញពីគយ, សេចក្តីណែនាំអនុវត្តវិធានការគ្រប់គ្រងការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ ជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន, ការកែសម្រួលនីតិវិធីគយ,ការកាត់បន្ថយតម្រូវការឯកសារភ្ជាប់សម្រាប់បំពេញបែបបទគយ, ការលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់, ការធ្វើបច្ចុប្បន្នភាពកម្មវិធីកាត់បន្ថយពន្ធគយក្នុងក្របខណ្ឌពាណិជ្ជកម្មសេរី FTA និងការផ្សព្វផ្សាយលិខិតបទដ្ឋាន នានាពាក់ព័ន្ធនឹងការងារគយលើគេហទំព័រ, ការកែលម្អមុខងារ E-Payment ។

អគ្គនាយកដ្ឋានគយ បាននិងកំពុងធ្វើការជាមួយអ្នកជំនាញរបស់ UNCTAD ក្រោមគម្រោងជំនួយរបស់ ARISE Plus ក្នុងការធ្វើវិសិដ្ឋកម្មប្រព័ន្ធអាស៊ីគូដា ទៅជំនាន់ចុងក្រោយ ដើម្បីអាចពង្រីកមុខងារបន្ថែមទៀត ក្នុងនោះ មានមុខងារដែលអាចទទួល យកឯកសារទម្រង់អេឡិចត្រូនិកបាន និងធ្វើការជាមួយ អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីរៀបចំគម្រោង Business Process Reengineering ព្រមទាំងសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ។

បន្ទាប់មក កិច្ចសន្ទនាបានពិនិត្យពិភាក្សាលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយ JBAC ពាក់ព័ន្ធនឹងការអនុវត្តមុខងារស្នើសុំលិខិតអនុញ្ញាត គយតាមប្រព័ន្ធបញ្ជរតែមួយជាតិ, លិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់, កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស, ការកាត់បន្ថយអត្រាពន្ធគយ និងអាករពិសេសលើមុខទំនិញប្រេងរំអិល,ការកកស្ទះនៅមាត់ច្រកព្រំដែនបាវិត មាត់ច្រកព្រំដែនប៉ោយប៉ែត មាត់ច្រកព្រំដែនព្រៃវល្លិ, ការអនុវត្តនីតិវិធីពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស,ការអនុវត្តគោលការណ៍មកមុន ពិនិត្យមុន “First come, first serve”, និង ការរក្សាទុកឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀត ជាដើម។ កិច្ចសន្ទនានេះ បានដោះស្រាយបញ្ហានិងសំណូមពរស្ទើរទាំងស្រុង។

ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JICA) ក៏បានជម្រាបអង្គប្រជុំពីគម្រោងជំនួយសំខាន់ៗ របស់ខ្លួននាពេលបច្ចុប្បន្ន រួមមាន ១. ការសិក្សាដើម្បីកាត់បន្ថយការកកស្ទះចរាចរទំនិញ និងអ្នកដំណើរនៅកំណាត់ផ្លូវជាតិលេខ ១ តំបន់មាត់ច្រកបាវិត-ម៉ុកបៃ ២.ការបកប្រែបទប្បញ្ញត្តិគយជាភាសាអង់គ្លេស ដើម្បីដាក់ផ្សព្វផ្សាយក្នុងគេហទំព័រគយ និង ៣. ការអនុវត្តសាកល្បងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយនៅតាមកំពង់ផែ និងច្រកទ្វារព្រំដែនសំខាន់ៗ។

អគ្គនាយកដ្ឋានគយ និងតំណាង JICA, JBAC, JETRO ក៏បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ៕