(ភ្នំពេញ)៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ឆ្មក់ពួនស្ទាក់បង្ក្រាប ទីតាំងល្បែងឆ្នោតមួយកន្លែង ឃាត់ខ្លួនមនុស្ស២នាក់ រួមនិងវត្ថុតាងមួយចំនួន នៅម៉ោង៤រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិ នៅចំណុចផ្ទះលក់បន្លែសាច់លេខ១៧៨ ក្រុម៤ ផ្លូវបេតុងស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនពាក់ព័ន្ធល្បែងឆ្នោតនេះ ១-ឈ្មោះ ពៅ សុខហេង ភេទស្រី អាយុ៤៨ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ ២-ឈ្មោះ អ៊ុន សុផុន ភេទស្រី អាយុ៦៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ២២៤៤ ផ្លូវលំ ក្រុម១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ម៉ៅ ចាន់ ថុន នាយរងផ្នែកនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ និយាយថា នៅរសៀលថ្ងៃ១៩ ខែ កុម្ភៈ ឆ្នាំ២០១៦ ដើម្បីបង្ការទប់ស្កាត់ បទល្មើស លួច ឆក់ ប្លន់កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពី អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសារ និងមានការដឹកនាំបង្ក្រាបផ្ទាល់ពី អអិការរងខណ្ឌឫស្សីកែវ លោក អ៉ីវ ឈុនភេង រួមសហការនឹងកម្លាំងនគរបាល ប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានលបពួនឆ្មក់បង្ក្រាបទីតាំង ផ្ដល់ការចែកចាយចាក់កន្ទុយលេខមួយកន្លែង ជ្រកក្រោមការលក់ដូរបន្លែសាច់ ដោយកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនស្ត្រី២នាក់ ក្នុងនោះមានម្នាក់ជាមេ និងម្នាក់ទៀតជាអ្នកចាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនដូចជា ម៉ាស៊ីនគិតលេខ១គ្រឿង ក្រដាស់កត់ឆ្នោត និងចេញឆ្នោត ភ្នាល់ដាក់លុយមួយចំនួនផងដែរ។

នាយរងផ្នែកនគរបាលព្រហ្មទណ្ឌបានបន្តថា បច្ចុប្បន្នស្ត្រីពាក់ព័ន្ធល្បែងឆ្នោតទាំង២នាក់ កំពុងសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី អប់រំតាមផ្លូវច្បាប់៕