(កំពង់ឆ្នាំង)៖ លោក បាន ណុន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង និងជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បាននាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះមួយគ្រួសារ នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយនាយកសាលាពលទាហានយោធា ភូមិភាគពិសេស ដែលបណ្តាលឲ្យឪពុកបាក់ជើងខាងឆ្វេង និងកូនប្រុសម្នាក់អាយុទើប៣ឆ្នាំជាកូនភ្លោះបានស្លាប់។

ពេលផ្ដល់អំណោយជូនគ្រួសារជនរងគ្រោះរួមមាន៖ អង្ករ៥០គីឡូ និងថវិកា១លានរៀល ជាអំណោយរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល។ លោក បាន ណុន បានបញ្ជាក់ថា ក្រោយពីសម្ដេចបានដឹងតាមព័ត៌មាន Fresh News សម្ដេចក៏បានចាត់ឲ្យលោកយកអំណោយខាងលើនេះមកផ្ដល់ជូនដោយផ្ទាល់ដៃ ដល់គ្រួសារជនរងគ្រោះដែលមានឪពុកឈ្មោះ វិន សូឡា អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះ ខាន់ ស្រីមុំ អាយុ៣៥ឆ្នាំ ដែលបានទទួលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០ ២០កន្លងទៅ។

បន្ទាប់ពីលោកបានប្រគល់អំណោយខាងលើនេះជូនដល់គ្រួសារជនរងគ្រោះ, លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចចៅហ្វាវាំង គង់ សំអុល និងក្រុមការងារដែលបានយក ចិត្តទុក្ខដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងសូមប្រសិទ្ធិពរជូនសម្ដេច និងក្រុមការងារឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច។

ដោយឡែកនៅរសៀលថ្ងៃដដែលនោះដែរ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងគ្រាវ តំណាងលោករដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងសំលៀកបំពាក់រួមទាំងថវិកាមួយចំនួន ជូនដល់គ្រួសារជនរងគ្រោះខាងលើនេះផងដែរ​។

ក្នុងឱកាសនោះដែរលោកស្រី កែ ច័ន្ទមុនី និងលោក អ៊ុក ពញ្ញា បានសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតកូនតូចម្នាក់ ទើបតែមានអាយុ៣ឆ្នាំ ដែលជាកូនភ្លោះ និងបុរសជាឪពុកត្រូវបាន រងគ្រោះបាក់ជើងខាងឆ្វេង។ លោកស្រី និងលោក ក៏បានជូនពរដល់គ្រួសារជនរងគ្រោះឲ្យបានឆាប់ជា និងឆាប់បានប្រកបមុខរបររកស៊ីចិញ្ចឹមគ្រួសារជាបន្តទៀត។

ក្រុមគ្រួសារជនរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះម្ចាស់អំណោយមនុស្សធម៌ទាំងអស់ខាងលើនេះ ដែលមានសម្ដេសចៅហ្វាវាំង គង់ សំអុល លោកស្រី កែ ច័ន្ទមុនី និងលោក អ៊ុក ពញ្ញា សូមបួងសួងឲ្យវត្ថុសាកសិទ្ធក្នុងលោកតាមជួយថែរក្សាសម្ដេច លោកជំទាវ និងឯកឧត្តម ព្រមទាំងក្រុមការងារឱ្យមានសេចក្តីសុខគ្រប់ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក វិន សុឡា និងប្រពន្ធឈ្មោះ ខាន់ ស្រីមុំ អាយុ៣៥ឆ្នាំខាងលើនេះ គឺបានរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណជាង៧យប់ នៅមុខក្លោងទ្វារ សាលាពលទាហានភូមិភាគពិសេសក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានផ្តាច់យកជីវិតកូនប្រុសតូចម្នាក់អាយុ៣ឆ្នាំ ខណៈឪពុករងរបួសបាក់ជើងខាងឆ្វេង ដែលរហូតមកពេលនេះកំពុង បន្តសម្រាកព្យាបាលនៅលើគ្រែនៅឡើយទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនាយកសាលាពលទាហានយោធភូមិភាគពិសេស ដោយរថយន្តរបស់គាត់បុកម៉ូតូពលរដ្ឋមួយគ្រួសារ នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្តាលឲ្យស្លាប់កូនតូចអាយុ ៣ឆ្នាំម្នាក់ និងរងរបួសបាក់ជើងឪពុកយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅមិនទាន់បានដោះស្រាយនោះទេ ហើយជនរងគ្រោះទាំងម្តាយ និងឪពុកនៅតែទទូចឲ្យជនបង្កជាមន្រ្តីយោធាជាន់ខ្ពស់រូបនេះ ចេញមកទទួលខុសត្រូវ និងផ្តល់សំណងជូនដល់ក្រុមគ្រួសាររបស់ខ្លួន។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អ្នកយកព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា បានចុះទៅជួបជាមួយក្រុមគ្រួសារជនរងគ្រោះដោយផ្ទាល់ ស្ថិតនៅក្នុងភូមិទឹកចេញ ឃុំជើង គ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខណៈនោះបុរសត្រូវជាឪពុកកុមារតូចរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា ប្អូនប្រុសមានឈ្មោះ វិន សុឡា អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ ខាន់ ស្រីមុំ អាយុ៣៥ឆ្នាំ មានកូន៣នាក់ នៅក្នុងបន្ទុក មានប្រុស២ ស្រីម្នាក់ (កូនស្រីច្បងអាយុ៦ឆ្នាំ និងកូនប្រុស២នាក់ អាយុ៣ឆ្នាំជាកូនភ្លោះ ហើយបានស្លាប់ម្នាក់)។ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានមុខរបរ ដោយស្ត្រីជាភរិយាធ្វើជាកម្មការិនីរោងចក្រ និងប្ដីមានមុខរបរជាងជួសជុលម៉ូតូនៅ និងផ្ទះ។

តាំងពីថ្ងៃកើតហេតុ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ជនរងគ្រោះមិនទាន់ទទួលបានពន្លឺនៃយុត្តិធម៌នៅឡើយទេ ពោលមន្ដ្រីនគរបាលមូលដ្ឋាន បានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្ដនីតិវិធីតាមច្បាប់ ដោយហេតុថា ករណីនេះបានបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសបាក់ជើងម្ខាង។

ទន្ទឹមនឹងតុលាការកំពុងបន្ដនីតិវិធី ហើយជនរងគ្រោះក៏កំពុងរង់ចាំពន្លឺនៃពាក្យថា «យុត្តិធម៌» នោះ ស្រាប់តែភាគីជនបង្ក ដែលជាមន្ដ្រីយោធាជាន់ខ្ពស់ មានឋានន្ដរស័ក្ដិជាឧត្តមសេនីយ៍ទៀតនោះ បានដាក់ពាក្យបណ្ដឹងដោយឡែកមួយ ទៅកាន់តុលាការ ហើយចោទប្រកាន់ជនរងគ្រោះថា បានជិះម៉ូតូបុករថយន្ដរបស់ខ្លួន ព្រមទាំងទាមទារសំណង១ម៉ឺនដុល្លារថែមទៀតផង។

ការដាក់ពាក្យបណ្ដឹងរបស់មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះ ហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថា ពួកគាត់ជាជនរងគ្រោះ រហូតបាត់បង់កូនតូចជាទីស្រលាញ់ម្នាក់ត្រឹមមួយពព្រិចភ្នែក បែរជាជនបង្កមកដាក់ពាក្យបណ្ដឹងប្ដឹងខ្លួនថា ជាអ្នកបង្កហេតុ បើកម៉ូតូបុករថយន្ដទៅវិញ។

អ្វីដែលបង្ហាញឲ្យឃើញច្បាស់ជាក់ស្ដែងថា មន្ដ្រីយោធានេះជាអ្នកបង្កហេតុនោះ គឺរូបភាពដែលគេថតជាប់នៅកន្លែងកើតហេតុ បញ្ជាក់ថា រថយន្ដរបស់មន្ដ្រីយោធាឈ្មោះ កង ប៊ុនធឿន បានជិះចូលមកគន្លងខាងស្ដាំដៃរបស់ជនរងគ្រោះ ស្ទើរទាំងស្រុងទៅហើយ ចុះហេតុអ្វី បានជាជនបង្កហ៊ានដាក់ពាក្យប្ដឹងជនរងគ្រោះទៅវិញ។

មួយវិញទៀត សូម្បីតែរបាយការណ៍របស់លោកវរសេ នីយ៍ឯក ឈឹម សាវុន នាយការិយាល័យនគរបាលចរាច រណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ច្បាស់ហើយថា ឈ្មោះ កង ប៊ុនធឿន ជាអ្នកបង្កហេតុ ដោយបត់ឆ្វេងឆ្លងកាត់ទ្រូងផ្លូវខ្វះការប្រុង ប្រយ័ត្ន ដោយមិនគោរពសិទ្ធិអាទិភាព(ផ្លូវត្រង់មានសិទ្ធិទៅមុន)។

របាយការណ៍របស់លោកវរសេនីយ៍ឯក ឈឹម សាវុន បានសង្កត់ធ្ងន់ទៀតថា ជនបង្កមានចេតនាគេចវេសមិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដោយបង្ហាញអត្តសញ្ញាអ្នកបើកបរមិនពិតប្រាកដថែមទៀតផង៕