(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ឧបាសិកា ទុយ សាន ដែលត្រូវជាម្តាយបង្កើតរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅអាធ្រាតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមលោក ឯម ច័ន្ទមករា ផ្ទាល់ ពិតជាមានក្តីរន្ធត់ និងក្រៀមក្រំយ៉ាងក្រៃលែង។

នៅក្នុងសារលិខិតរំលែកទុក្ខរបស់លោក ឯម ច័ន្ទមករា បានសរសេរយ៉ាងដូច្នេះថា៖ «មរណភាពរបស់លោកឧបាសិកា ទុយ សាន គឺជាការបាត់បង់អ្នកម្តាយដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមនិងលោកជំទាវ ហើយដែលត្រូវជាមាតា មាតាក្មេក ជីដូនប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរព ស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ ទាំងកម្លាំងកាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ចៅ ចៅទូតរបស់លោក»

សារលិខិតរបស់លោកអគ្គលេខាធិការូបនោះ បានបន្តយ៉ាងដូច្នេះថា៖ «ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែក នូវសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ហើយ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកា ទុយ សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមជំរាបថា ឧបាសិកា ទុយ សាន ទទួលមរណភាព ក្នុងជន្មាយុ៨៨ឆ្នាំ ហើយបច្ចុប្បន្នសពឧបាសិកា បាននឹងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង៕