(បាត់ដំបង)៖ ប្រជាពលរដ្ឋកំពុងរស់នៅតាមមាត់ស្ទឹងសង្កែ ខាងក្រោយក្លិបជ័យជម្នះ បានសម្តែងការមិនពេញចិត្តនឹងអាជ្ញាធរខេត្តបាត់ដំបង ដែលបានឱ្យពួកគេរុះរើផ្ទះចេញពីមាត់ស្ទឹង ដែលគេអះអាងថា បានសាងសង់ និងរស់នៅតាំងពីឆ្នាំ១៩៩០មកនោះ។

អ្នកស្រី ប៉ែន សុគន្ធា តំណាងឱ្យប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរតម្រូវឱ្យរុះរើផ្ទះចេញពីមាត់ស្ទឹង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ក្រុមគ្រួសាររបស់គាត់ និងប្រជាពលរដ្ឋប្រមាណ១៩គ្រួសារ ដែលបានតាំងទីលំនៅនៅមាត់ស្ទឹងសង្កែក្រោយក្លិបជ័យជម្នះត្រើយខាងលិចរយៈពេល ៣០ឆ្នាំមកហើយនោះ ត្រូវបានអជ្ញាធរតម្រូវឱ្យរុះរើផ្ទះចេញ។

អ្នកស្រី ប៉ែន សុគន្ធា ដែលមានស្វាីមីជាមន្ត្រីរាជការដែរនោះ បានរៀបរាប់ថា អាជ្ញាធរដឹកនាំដោយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានចុះមកណែនាំឱ្យពួកគាត់រុះរើផ្ទះសម្បែងឱ្យបានមុនឆ្នាំ២០២១។ អ្នកស្រីបន្តថា អាជ្ញាធរ បានឱ្យពួកគាត់ទៅរកជួលផ្ទះនៅជាបណ្តោះអាសន្នសិនរង់ចាំអាជ្ញាធរធ្វើផ្ទះលើដីដែលមានទំហំ ៤ម៉ែត្រកន្លះ គុណនឹង ៨ម៉ែត្រ ជាសំណងវិញ។

សម្រាប់អ្នកស្រី ប៉ែន សុគន្ធា បានសម្តែងការមិនពេញចិត្តនោះឡើយចំពោះដំណោះស្រាយរបស់អាជ្ញាធរ។ អ្នកស្រី បានលើកឡើងថា សំណងផ្ទះដែលអាជ្ញាធរដោះដូរនោះមានទំហំតូចជាងផ្ទះរបស់អ្នកស្រីបច្ចុប្បន្ន នៅមិនគ្រប់គ្នាសម្រាប់គ្រួសារអ្នកស្រីមានសមាជិកច្រើន។

អ្នកស្រីបន្ថែមថា ការឱ្យគ្រួសារអ្នកស្រី និងគ្រួសារពលរដ្ឋដទៃទៀតទៅរកផ្ទះជួលនៅបណ្តោះអាសន្ន ដោយមិនដឹងថា នឹងមានផ្ទះមកដោះដូរពេលណានោះ គឺជាការបង្កការលំបាកក្នុងជីវភាពមួយកម្រិតក្នុងគ្រាដែលពលរដ្ឋជួបការលំបាក បាត់ចំណូលព្រោះវិបត្តិជំងឺកូវីដ១៩នោះ។

អ្នកស្រី ប៉ែន សុគន្ធា បានបញ្ជាក់យ៉ាងដូច្នេះ «ការគំរាមឱ្យរុះរើ និងផ្តល់សំណងដីដែលមានទំហំតូច និងយ៉ាងតត់ក្រហល់ដូចនេះ ពួកនាងខ្ញុំមិនអាចទទួលយកបានទេ ព្រោះថាសមាជិកគ្រួសារនិមួយៗច្រើន។ ការដោះដូរបែបនេះវាហាក់ដូចជាការចាប់បង្ខំ គ្មានការដោះស្រាយសមស្របដូចខេត្តផ្សេងៗទៀត គ្មានការជូនដំណឹងមុន ហើយពេលនេះកូនចៅអត់ការងារធ្វើ និងបាត់បង់ចំណូលដោយសារកូវីដ១៩»

អ្នកស្រី ប៉ែន សុគន្ធា ក៏បានអំពាវនាវសូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង មេត្តាជួយរកដំណោះស្រាយឱ្យបានសមរម្យជូនដល់រូបគាត់ និងប្រជាពលរដ្ឋដទៃទៀត។

អង្គភាពព័ត៌មាន Fresh News បានព្យាយាមទាក់ទងទូរស័ព្ទសួរបញ្ជាក់ជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីសាកសួរព័ត៌មានលើបញ្ហាខាងលើនេះ។ តែទូរស័ព្ទហៅចូលហើយគ្មានអ្នកទទួល។

បើទោះបីជាយ៉ាងណាយោងតាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ការរៀបចំរុះរើផ្ទះប្រជាពលរដ្ឋចេញពីមាត់ស្ទឹងសង្កែនេះ គឺដើម្បីរៀបចំកែលម្អធ្វើជាសួនច្បារ លើកកម្ពស់សោភ័ណភាពនៅក្នុងក្រុង៕