(អាមេរិក)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តំណាងឲ្យប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញចូលរួមជាមួយក្រុម រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផ្សេងទៀត ដើម្បីចូលទស្សនាក្រុមហ៊ុន Google Inc. នៅ Silicon Valley រដ្ឋ California សហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយ របស់គេហទំព័រ Facebook Page ផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែកុម្ភៈនេះ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្រុមហ៊ុន Google ផ្តល់ឲ្យនូវលទ្ធភាព ក្នុងការស្វែងរក និងទាញយកព័ត៌មានពី រាប់ពាន់លានគេហទំព័រជាគោលដៅ។ ក្រុមហ៊ុន Google បានកំពុងធ្វើប្រតិបត្តិការ នៅជាង៥០ប្រទេសទូទាំងពិភពលោក។ ឈ្មោះគេហទំព័រអន្តរជាតិក្រុមហ៊ុននេះ ដែលរួមមាន Google.com, Google.ba, Google.dm, Google.nr, Google.co.jp, Google.ca និងបណ្តាឈ្មោះផ្សេងៗទៀត មានសរុបជាង១០០ភាសា។ ក្រុមហ៊ុនមួយនេះ រកប្រាក់ចំណូលបានតាមរយៈ ការលក់ការផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្នុងទស្សនកិច្ចនោះ ក្រោយវាគ្មិនរបស់ក្រុមហ៊ុន Google បានធ្វើបទបង្ហាញរួចមក ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាបច្ចេកវិទ្យានាពេលអនាគត ក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Google ផងដែរ៕