(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា គិតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ការតបណ្តាញអគ្គិសនីជូនកម្មករ កម្មការិនី និស្សិត ក្នុងតម្លៃ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោង សម្រេចបានជាង២០ម៉ឺនបន្ទប់ហើយ។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្តីពីការចុះតបណ្ដាញអគ្គិសនីដល់បន្ទប់ជួល របស់កម្មករ/និស្សិត នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Facebook Page ផ្លូវការរបស់សាលារាជធានីភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ថា «គិតមកដល់ថ្ងៃនេះ ក្រុមការងារចុះតបណ្ដាញអគ្គិសនីជូនបងប្អូនកម្មករ-កម្មការិនី បានប្រមាណជាង ២០ម៉ឺនបន្ទប់ហើយ។ ដូច្នេះ ការខិតខំប្រឹងប្រែងកាត់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋឱ្យបានថ្លៃភ្លើង ៦១០រៀល/គីឡូវ៉ាត់ម៉ោងនេះ ក្រោម៥០គីឡូវ៉ាត់ម៉ោង សង្ឃឹមថាពុំមានបងប្អូនម្ចាស់ផ្ទះជួល កេងចំណេញដើម្បីឡើងថ្លៃផ្ទះឡើយ»