(បន្ទាយមានជ័យ)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកំលាំងអាវុធហត្ថខេត្ត កសាងសុំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បន្ទាប់ពីប្រើអំពើហិង្សាលើគូទំនាស់ នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថ បានឲ្យនៅយប់ថ្ងៃទី១៩ ខែកុម្ភៈនេះថា តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អែម ហុង ភេទប្រុស អាយុ២៨ឆ្នាំ រស់ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុកអូរជ្រៅ ប្តឹងឈ្មោះ ឯម ហឿន ភេទប្រុស អាយុ៥៥ឆ្នាំ, ២-ឈ្មោះ ផុន វុធ ភេទប្រុស អាយុ២៨ឆ្នាំ និង៣-ឈ្មោះផុន ណេត ភេទប្រុសអាយុ២៤ឆ្នាំ ដែលអ្នកទាំង៣នាក់ រស់នៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពីបទប្រើអំពើហិង្សាលើខ្លួន។

លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកមន្ទីរស្រាវជ្រាវយុត្តិធម៌បានឲ្យដឹងថា បើយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ មុនពេលកើតហេតុនោះ ជនរងគ្រោះនិងជនសង្ស័យមានជម្លោះជាមួយគ្នា ពីមុនមករហូតដល់មានការប្តឹង ផ្តល់ឡើងតុលាការទៀតផង។ នៅថ្ងៃកើតហេតុនោះជនសង្ស័យទាំង៣នាក់ បាននិយាយឌឺដងដាក់គ្នាទៅវិញទៅមក រហូតដល់ឈ្មោះ អែម ហុង បាននិយាយបរិហាកេរ្តិ៍ប្អូនស្រីឈ្មោះ ផុន ដាណេ រហូតដល់មានជម្លោះកើតឡើង វាយតបគ្នាយ៉ាងសាហាវ រហូតដល់ជនរងគ្រោះ ត្រូវយ៉ាងដំណំចង់សន្លប់ នៅនឹងកន្លែងកើតហេតុ ហើយក្រោយពីកើតហេតុរួច ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

មន្ត្រីអាវុធហត្ថដដែលបញ្ជាក់ថា កំលាំងអាវុធហត្ថចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកមកអាវុធហត្ថខេត្តដើម្បីសាកសួ។

ក្រោយពីបានចំលើយសារភាពពីជនសង្ស័យ ហើយអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕