(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រារព្ធទិវាជាតិ សុខភាព មាតា និងទារក នៅទីស្ដីក្រសួង ក្រោយអធិបតីភាព រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

កម្មវិធីនេះ ការមានអញ្ជើញចូលរួមពីលោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក, លោក សុខ ឡុង តំណាងកាកបាទក្រហមកម្ពុជា, តំណាងអង្គការសុខភាពពិភពលោក,អង្គការ ភីអេសខេ ដៃគូអភិវឌ្ឍន៏សុខាភិបាល, មន្រី្តសុខាភិបាល ឆ្មប និងនិសិ្សតសរុបទាំងអស់ជាង២៦០នាក់។

លោកស្រី ទុង រដ្ឋាវី បានថ្លែងថា តាមការអង្កេតប្រជាសាស្រ្តសុខភាពនៅកម្ពុជាទាំងលើក ព្រមទាំងឯកសាររបស់អង្គការសុខភាពពិភពលោក បានបង្ហាញថាកម្ពុជា សម្រេចនូវជោគ ជ័យជាទីគាប់ចិត្ត ពិសេសការសម្រេចបានលើគោលដៅអភិវឌ្ឍសហស្សវត្សទី៤ និងទី៥ ដែលបានកំណត់ថានៅឆ្នាំ២០១៥ ប្រទេសនីមួយៗត្រូវកាត់បន្ថយអត្រាមរណភាពកុមារ អាយុក្រោម៥ឆ្នាំ ឲ្យបានបីភាគបួន ពីកម្រិតឆ្នាំ១៩៩០ និងកាត់បន្ថយអត្រាមរណភាពមាតា ឲ្យបានបីភាគបួន ពីកម្រិតឆ្នាំ១៩៩០ដូចគ្នា។

លោកស្រី បន្ដថា ការវិភាគស៊ីជម្រៅលទ្ធផលអង្កេតតប្រជាសាស្រ្ត និងសុខភាពលើស្រី្ត ក្នុងវ័យបន្តពូជដែលកំពុងប្រើបា្រស់មធ្យោបាយពន្យារកំណើតទំនើប បានបង្ហាញថានៅឆ្នាំ២០១៤ អ្នកក្រ ជាងគេបានប្រើមធ្យោបាយពន្យាកំណើតទំនើប៣៩% ច្រើនជាងអ្នកមានជាងគេ៣៤% ទៅវិញ។ សកី្ខភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល រួមជាមួយដៃគូអភិវឌ្ឍសុខាភិបាល ក្នុងការផ្តល់សេវាសុខភាព ដោយសមធម៌នៅកម្ពុជា ផងដែរ។

ទន្ទឹមនឹងនោះរដ្ឋន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា នៅឆ្នាំ២០១៥ នៅទូទាំងសកលលោក អត្រាមរណភាពមាតា បានថយចុះប្រមាណជាង៤៤% ហើយអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានថយចុះប្រមាណជា៥៣% ពីកម្រិតដៅឆ្នាំ១៩៩០។ 

រដ្ឋមន្ដ្រីបន្ដថា ចំណែកកម្ពុជាវិញ ការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់បានបង្ហាញថា អត្រាមរណភាពមាតាបានថយចុះ ហើយការសង្រ្គោះជីវិតមាតា ទារក និងកុមារ គឺជាសកម្មភាពមនុស្សធម៌ និងជាការកសាងសង្គមគ្រួសារ សង្គមជាតិសម្រាប់ជំនាន់បច្ចុប្បន្នផង និងជំនាន់បន្ទាប់ផង ពីព្រោះបើមាតា មានសុខភាពល្អ បុត្រា បុត្រីមានសុខភាពល្អ នោះនឹងបន្តដល់កូនចៅជំនាន់ក្រោយ មានសុខភាពល្អរឹងមាំ។

លោករដ្ឋមន្ដ្រី បន្ដថា ដោយយោងតាម សារលិខិតសម្តេចកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវសូមឲ្យស្រី្តទាំងអស់អនុវត្តជាច្រើន នៅពេលមានគភ៌ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមនី្ទរពេទ្យ ដែលនៅជិតផ្ទះ ឲ្យបានតាមកាលកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំទាំងអស់ឲ្យបានទៀងទាត់ ហើយអញ្ជើញទៅសម្រាលកូន នៅមណ្ឌលសុខភាព ឬមនី្ទរពេទ្យ ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។

ជាងនេះទៅទៀត អញ្ជើញទៅពិនិត្យសុខភាពក្រោយសម្រាលទាំងមាតា ទាំងទារក និងទទួលថ្នាំបង្ការជំងឺគ្រប់មុខ តាមការណែនាំ របស់គ្រូពេទ្យឲ្យបានតាមកាលកំណត់ ។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាម រហូតដល់ទារកមានអាយុ៦ខែ។

ចំពោះ ចាប់ពីទារកអាយុ៦ខែឡើងទៅ ត្រូវផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ សូមយកទារក ឬកុមារតូច ដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល នៅមណ្ឌលសុខភាព ឬមនី្ទរពេទ្យ និងសូមប្រញាប់យកទារក ទៅមនី្ទរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀតផងដែរ៕