(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) ដែលជាដៃគូអភិវឌ្ឍន៍ធំមួយរបស់កម្ពុជា បានសម្រេចបង្កើនថវិកាប្រមាណពី ៤០លានអឺរ៉ូនៅក្នុងឆ្នាំ ២០១៥ ដល់ ៥៩លានអឺរ៉ូនៅក្នុងឆ្នាំ២០១៦ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់សហភាពអឺរ៉ុប នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សហភាពអឺរ៉ុប បានបញ្ជាក់ថា ការបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជន នៅតែជាចំណុចអាទិភាពសម្រាប់ជំនួយរបស់សហភាព អឺរ៉ុប ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីលុបបំបាត់ភាពក្រីក្រ និង សម្រេចឲ្យបាននូវនិរន្តភាព នៃគោលដៅអភិវឌ្ឍន៍សហសវត្ស៍។

លោក អាឡាំង វ៉ានឌឺស្មីសសិន (Alain Vandersmissen) ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាព នៃការប្រើប្រាស់ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប ការត្រួតពិនិត្យតាមដាន និង ការវាយតម្លៃលើការអនុវត្តគម្រោង ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ និងយ៉ាងល្អិតល្អន់ពីសំណាក់ប្រតិភូសហភាពអឺរ៉ុប បេសកកម្មត្រួតពិនិត្យរបស់ការិយាល័យកណ្តាល នៃសហភាពអឺរ៉ុប និង ពីក្រុមហ៊ុនសវនកម្មឯករាជ្យ។

លោក អាឡាំង វ៉ានឌឺស្មីសសិន បានថ្លែងបញ្ជាក់ផងដែរថា ការផ្តល់ជំនួយឥតសំណងរបស់សហភាពអឺរ៉ុបដល់កម្ពុជា ធ្វើឡើងតាមបណ្តាញសំខាន់ៗចំនួនពីរ៖ ទី១. កិច្ចសហប្រតិបត្តិការទ្វេភាគីដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងទី២. កម្មវិធីជំនួយតាមវិស័យដែលគាំទ្រអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។

សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និង ការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិសំខាន់ៗ របស់ប្រទេសកម្ពុជា សហភាពអឺរ៉ុប បានផ្តល់ជំនួយឥតសំណងប្រមាណ ៤១០លានអឺរ៉ូ សម្រាប់រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ ២០២០។ ថវិកានេះ ក៏ត្រូវបានបែងចែកជាបន្តបន្ទាប់ តាមកម្មវិធី ដែលបានគ្រោងទុក។

ជាការកត់សម្គាល់ថវិកាជំនួយរបស់សហភាពអឺរ៉ុប មានការកើនឡើងច្រើនបើធៀបរវាងថវិកាជំនួយនៅឆ្នាំ២០១៤-២០២០ ជាមួយ គម្រោងជំនួយក្នុងឆ្នាំ២០០៧-២០១៣ ដែលមានត្រឹមតែជាង ១៤៣លានអឺរ៉ូប៉ុណ្ណោះ។

ការបង្កើនជំនួយមកដល់ប្រទេសកម្ពុជានេះ ត្រូវបានលោក អាឡាំង វ៉ានឌឺស្មីសសិន បានបញ្ជាក់ថា «សេចក្តីសម្រេច នៃការបែងចែកមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការ ពហុភាគី ទៅឲ្យតំបន់ ឬ ប្រទេសណាមួយនោះ គឺជាដំណើរដែលធ្លាប់មានភាពស្មុគស្មាញ។ ប៉ុន្តែនៅពេលចុងក្រោយនេះ លក្ខណៈវិនិច្ឆ័យរបស់សហភាពអឺរ៉ុប បានផ្តល់តម្រូវការពិតប្រាកដល់ប្រជាជន ហើយឆន្ទៈរបស់យើង ស្ថិតក្នុងន័យបង្ហាញពីសាមគ្គីភាពដ៏ត្រឹមត្រូវ ចំពោះតម្រូវការទាំងនោះ ហើយវា ក៏នឹងបង្កើនទម្លាប់ល្អ សម្រាប់ប្រជាជនកម្ពុជាក្នុងករណីនេះផងដែរ។ ថ្វីបើការអភិវឌ្ឍសេដ្ឋកិច្ចកន្លងមក គួរឲ្យកត់សម្គាល់ក៏ដោយ ក៏កម្ពុជានៅតែជាប្រទេសមួយ ដែលត្រូវការអ្វីៗចាំបាច់ជាច្រើន»។

សហភាពអឺរ៉ុប បានឲ្យដឹងផងដែរ បច្ចុប្បន្នខ្លួនកំពុងផ្តល់មូលនិធិដល់គម្រោងចំនួន ៥៤ នៅក្នុងបណ្តាខេត្តចំនួន ២៣ទូទាំងប្រទេស កម្ពុជា។ សហភាពអឺរ៉ុប ក៏បានផ្តល់ជំនួយឥតសំណងប្រមាណជា ៨.២លានអឺរ៉ូ ស្មើជិត ៩លានដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលចំនួន១១ នៅកម្ពុជា ដើម្បីជួយពង្រឹងដល់អង្គការសង្គមស៊ីវិល និង លើកកម្ពស់សិទ្ធិមនុស្ស (សិទ្ធិនយោបាយ សិទ្ធិពល រដ្ឋ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងវប្បធម៌) គណនេយ្យភាព អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យនៅកម្ពុជា៕