(ភ្នំពេញ)៖ ដើមឆ្នាំនេះការផលិតអំបិលក្នុងខេត្តកំពត-កែប សម្រាប់ប្រើប្រាស់ បាននិងកំពុងដំណើរការសន្សឹមៗ និងផលិតបានក្នុងបរិមាណតិចតួចនៅឡើយទេ ប៉ុន្ដែអ្នកធ្វើការក្នុងវិស័យនេះ បានព្យាករណ៍ថា នឹងអាចផ្គត់ផ្គង់លើទីផ្សារបានគ្រប់គ្រាន់។

ទោះជាយ៉ាងនេះក្ដី ការរំពឹងនេះក៏ផ្អែកសំខាន់ លើកត្តាអាកាសធាតុផងដែរ មានន័យថា ប្រសិនបើឆ្នាំនេះអាកាសធាតុដំណើរការល្អប្រសើរ ការផលិតអំបិលបានច្រើន និងផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្ដែបើអាកាសធាតុប្រែលប្រួល (ភ្លៀងកក់ខែ ពិសេសភ្លៀងចំតំបន់ផលិតអំបិល) នោះការផ្គត់ផ្គង់អំបិលអាស្រ័យទៅតាមនោះដែរ។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានវត្តន៍ខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «ដើមរដូវឆ្នាំ២០២១នេះ ការផលិតអំបិលក្នុងខេត្តកំពត ទទួលបានបរិមាណតិចតួចនៅឡើយ ដោយទទួលបានត្រឹមតែជាង១០០តោនប៉ុណ្ណោះ ដោយប្រមូលទិន្នផលបានពីមណ្ឌលផលិតអំបិលចំនួន៣ ខណៈមណ្ឌលចំនួន៣ទៀត មិនទាន់បានទទួលទិន្នផលអំបិលនៅឡើយ»

លោកបានបន្ដថា «ក្នុងឆ្នាំនេះ មិនទាន់ហ៊ានព្យាករណ៍ច្បាស់លាស់នោះឡើយថា អំបិលក្នុងស្រុករអាចផលិត និងផ្គត់ផ្គង់បានគ្រប់គ្រាន់លើទីផ្សារ ព្រោះការផលិតអំបិលនេះ អាស្រ័យលើអាកាសធាតុ ប្រសិនបើឆ្នាំនេះអាកាសធាតុអំណោយផល មេឃរាំងភ្លៀងស្រឡះល្អ មិនមានភ្លៀងកក់ខែនៃការផលិត (ខែមករា-មីនា) នោះអំបិលនឹងផលិតបានគ្រប់គ្រាន់ ក្នុងឆ្នាំ២០២១ ប៉ុន្ដែបើអាកាសធាតុមិនអំណោយផលល្អទេ មានភ្លៀងកក់ខែញឹកញាប់ នោះការផលិតអំបិល និងថមថយទៅតាមនោះដែរ»

លោកបានបន្ថែមថា ការផលិតអំបិលក្នុងខេត្តកំពត ពេលណាភ្លៀងរាំងល្អក្នុងន្លោះខែមករា, កុម្ភៈ និងមីនា រយៈពេល៣ខែនេះនោះ ការផលិតមានច្រើនលើសលុប ប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្ដែបើក្នុង៣ខែនេះមានភ្លៀងកក់ខែក្នុងខែណាមួយ ឬភ្លៀងកក់ខែទាំង៣ខែនេះ និងចំមណ្ឌលផលិតអំបិល មានទឹកភ្លៀងច្រើន អំបិលនឹងមិនអាចផលិតបានច្រើននោះឡើយ។

ទាក់ទិននឹងតម្លៃអំបិលវិញក៏ត្រូវបានលោក សុខ គឹមជឿន បញ្ជាក់ថា «អំពិលធ្លាក់ថ្លៃជាងមុន ដោយសារតែក្នុងឆ្នាំ២០១៧-២០១៨-២០១៩ បីឆ្នាំនេះការផលិតអំបិលបានតិចតួច និងមិនអាចផ្គង់ផ្គង់លើទីផ្សារបានគ្រប់គ្រាន់ តម្រូវឲ្យមានការនាំចូល ធ្វើឲ្យអំបិលឡើងថ្លៃ ប៉ុន្ដែក្នុងឆ្នាំ២០២០នេះ អំបិលផលិតបានរហូតដល់៨៤,០០០តោន ជាការផលិតបានច្រើន តែការកម៉្មងទិញពីឈ្មួញមានតិច ហើយក្រុមផលិតប្រជែងគ្នាលក់ ធ្វើឲ្យតម្លៃទាបជាងមុន បូករួមនឹងបរិមាណអំបិលមានច្រើន ទើបធ្វើឲ្យតម្លៃនៃការលក់អំបិលមានការធ្លាក់ចុះ»

លោកឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ក្នុងចន្លោះខែធ្នូ ចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២៤ អំបិលលក់អស់រហូតដល់១៣,០០០តោន ដែលជាបរិមាណដ៏ច្រើន ប៉ុន្ដែតម្លៃមិនសូវបានថ្លៃនោទេ។ ក្នុងចន្លោះប្រមាណជាកន្លះខែនេះ ការលក់អំបិលបានច្រើន ដោយសារតែចំពេលរដូវ ដែលបងប្អូនពលរដ្ឋធ្វើត្រីប្រហុកផ្អក។

លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិល ខេត្តកំពត-កែប ថ្លែងឲ្យដឹងថា «ការផលិតអំបិលក្នុងឆ្នាំនេះ មិនអីនោះទេ ប៉ុន្ដែរង់ចាំរហូតដល់ខែមិថុនាសិន បានអាចព្យាករណ៍ ច្បាស់លាស់បានថា យើងខ្វះខាតអំបិល ឬគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ប៉ុន្ដែក្នុងឆ្នាំ២០២០កន្លងទៅ អំបិលដែលបានផលិតបានផ្គត់ផ្គង់គ្រប់គ្រាន់»

លោកបានបន្ថែមថា ជាទូទៅការផ្គត់ផ្គង់អំបិលលើទីផ្សារ មានចន្លោះ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ និយាយចំពោះឆ្នាំនេះ អំបិលមានតម្លៃធូរថ្លៃមែនទែន ដោយសារតែផលិតអំបិលបានច្រើនជាងឆ្នាំមុន។

ងាកក្រឡែកទៅមើលការផលិតអំបិល ក្នុងសហគ្រាសឯកជនវិញ ក៏ឃើញថា ដើមឆ្នាំនេះការផលិតអំបិលកំពុងតែដំណើរការផងដែរ។

កញ្ញា ថូង ធីដា ស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ បានឲ្យដឹងថា ក្នុងឆ្នាំនេះសហគ្រាស ផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ ទើបដំណើរការក្នុងការផលិតអំបិល ដូច្នេះមិនអាចសន្និដ្ឋានច្បាស់លាស់បានទេថា តើក្នុងឆ្នាំនេះអាចផលិតបានប៉ុន្មាន តោននោះឡើយ ប៉ុន្ដែជាការប៉ាន់ស្មានអាចនឹងផលិតបាន២ម៉ឺនតោនក្នុងមួយឆ្នាំ។

កញ្ញាបន្ដថា សម្រាប់ការចែកចាយអំបិល របស់សហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ លើទីផ្សារមានតម្លៃខ្ពស់ជាងគេបន្ដិច។ ជាទូទៅសហគ្រាសបានចែកចាយ លើទីផ្សារបានចំនួន៣-៥តោនក្នុង១ខែ សម្រាប់អំបិលល្អព្រីមៀម និងអំបិលធម្មតាបាន១០-២០តោនក្នុង១ខែ។

សូមបញ្ជាក់ថា ផ្ទៃដីសម្រាប់ផលិតអំបិលនៅក្នុងខេត្តកំពត មានចំនួន៣,៧២៦.០២ហិកតា៕