(ឧត្តរមានជ័យ)៖ ស្រ្តីម្នាក់ បានស្លាប់ និងមនុស្សប្រុស-ស្រី ៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរក្រឡាប់គោយន្តពេលបើកចុះពីលើភ្នំច្រកជប់គរគី ស្ថិតក្នុងភូមិ​ជប់គរគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅម៉ោងប្រមាណ ១៖១៥នាទីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អធិការនគរបាលស្រុកបន្ទាយអំពិល លោក ហម ភិរម្យ បាននិយាយឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះគោយន្តរួមគ្នា ធ្វើដំណើរឡើងភ្នំទៅច្រកជប់គរគី ចូលក្នុងផ្សារថៃទិញទំនិញ​យកមកប្រើប្រាស់។ លុះទិញរួច ក៏បាននាំគ្នាធ្វើដំណើរត្រឡប់មកវិញ ពេលដល់កន្លែងកើតហេតុត្រង់ចំណុចផ្លូវកោង ខ្ទមអ្នកតាចុះពីលើភ្នំដោយសារល្បឿនគោយន្តលឿនចាប់ហ្រ្វាំង ក៏បានបោកគោ​យន្តធ្លាក់ប្រឡាយធ្វើឲ្យអ្នកជិះគោយន្តធ្លាក់រណូករណែលក្នុងព្រៃ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានទៅដល់ និងធ្វើការជួយជនរងគ្រោះ តែអកុសលមានជនរងគ្រោះម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង ៧នាក់ទៀត របួសធ្ងន់ស្រាល។

លោក ហម ភិរម្យ បានឲ្យដឹងទៀតថា ជនរងគ្រោះទាំង ៨នាក់រួមមាន៖ ១. ឈ្មោះ យៃ លឿ ភេទស្រី អាយុ ៥៥ឆ្នាំ (ស្លាប់នៅកន្លែង កើតហេតុ), ទី២. ឈ្មោះ យាយ យោន ភេទស្រី អាយុ ៥២ឆ្នាំ, ទី៣. ឈ្មោះ ធំ លាស់ ភេទស្រី អាយុ ៣៤ឆ្នាំ, ទី៤. ឈ្មោះ ធំ អិលភេទស្រី អាយុ ២៧ឆ្នាំ, ទី៥. ឈ្មោះ ម៉ា មូត ភេទប្រុស អាយុ ២៧ឆ្នាំ, ទី៦. ឈ្មោះ កង វាដនា ប្រុស អាយុ ២ឆ្នាំ, ទី៧. ឈ្មោះ ម៉ូតមាន ភេទប្រុស អាយុ ២ឆ្នាំ។ ជនរងគ្រោះទាំងអស់រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង។

ក្រោយពិនិត្យរួចជនរងគ្រោះដែលស្លាប់បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួស បានបញ្ជូនទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យប្រទេសថៃ៕