(ភ្នំពេញ)៖ ស្រ្តីខ្មែរអ៊ីស្លាមម្នាក់ ត្រូវបានក្រសួងការបរទេស អន្តរាគមន៍ជួយឱ្យបានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃស្អែកនេះ បន្ទាប់ពីរូបគាត់ ជួបការលំបាកក្នុងការងារ និងមិនអាចប្រឈម​ជាមួយអាកាស​ធាតុត្រជាក់​នៅប្រទេសអារ៉ាប៊ីសាអូឌីតបាន។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ។

ស្រ្តីខ្មែរអ៊ីស្លាមម្នាក់នោះ មានឈ្មោះ ហ៊ីម ស្រី ដែលបានទៅធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រសួងការបរទេសបានប្រកាសថា ក្រោយពីមានការអន្តរាគមន៍យ៉ាងស្វិតស្វាញរបស់ស្ថានទូតប្រចាំរដ្ឋកូវ៉ែត ក្រុមហ៊ុននាំពលករ និងម្ចាស់ផ្ទះ បានយល់ព្រមរៀបចំឲ្យស្ត្រីឈ្មោះ ហ៊ីម ស្រី ឱ្យវិលត្រឡប់មក​កម្ពុជាវិញ ដោយផ្តល់សំបុត្រយន្តហោះពីទីក្រុងរីយ៉ាត មកទីក្រុងបាងកក ហើយក្រុមហ៊ុនមកទទួលបន្តនៅបាងកក ធ្វើដំណើរមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ។

ស្ត្រីឈ្មោះ ហ៊ីម ស្រី នឹងមកដល់បាងកក នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ១១:៣៥ នាទី តាមជើងយន្តហោះ QR ០៨៣៤ ៕