(ភ្នំពេញ)៖ ក្រោយបែកធ្លាយការឃុបឃិតគ្នាអនុញាតឲ្យក្រុមហ៊ុន ថៃ ទ្រី បានសិទ្ធិធ្វើការ​បូមខ្សាច់ នៅទន្លេចតុមុខ​ក្នុងទំហ៊ំផ្ទៃដី៣០​ហិកតា ដោយមិនដាក់​ឲ្យដេញថ្លៃក្រោម លេសស្ដារ​ដីចុងកោះ​ជ្រោយចង្វារ​ទៅតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួចមកបានធ្វើឲ្យក្រុមហ៊ុនរកស៊ីបូមខ្សាច់លក់ ដែលបានមកពីការដេញ ផ្លៃត្រឹមត្រូវចំនួន៤ក្រុមហ៊ុន សម្ដែងនូវការមិន​សប្បាយចិត្ត ព្រោះពួកគេព្រួយបារម្ភ​ពីការប្រកួតប្រជែង​នៅលើទីផ្សារ​មិនស្មោះត្រង់ ខណៈដែលពួកគេបានខ្សាច់មកក្នុងតម្លៃដើមខ្ពស់ តែក្រុមហ៊ុន ថៃ ទ្រី បានខ្សាច់មកដោយតម្លៃដើមទៀត។

ដូច្នេះហើយដើម្បីឲ្យការរកស៊ីតាម​របៀបប្រគួតប្រជែង មានភាពស្មោះត្រង់ ក្រុមហ៊ុនដែលដេញថ្លៃ​ស្របច្បាប់ សំណូមពរសុំឲ្យសម្ដេចតេជោហ៊ុន សែន ជួយអន្តរាគមន៍​យកគម្រោងបូមខ្សាច់​ស្ដារដីចុងកោះ​ជ្រោយចង្វារ មកដាក់ដេញថ្លៃជាសាធារណៈ ដើម្បីតម្លាភាព ភាពស្មោះត្រង់ក្នុងការរកស៊ី ក៏ដូចបានថវិកាចូលជាតិផងដែរ។

តាមប្រភពព័ត៌មានដែលបង្ហើបដោយ​មន្ត្រីមួយចំនួន រួមទាំងក្រុមហ៊ុនរកស៊ីខ្សាច់​ផងដែរ​បានអះអាងថា ប៉ុន្មានថ្ងៃនេះ​មានក្រុមហ៊ុន​មួយត្រូវបានមន្ត្រី​អាជ្ញាធរ ឃុបឃិតគ្នា​ប្រគល់សិទ្ធិឲ្យធ្វើ​អាជីវកម្មបូម​ខ្សាច់​នៅតំបន់ទន្លេច​តុមុខ ក្នុងភូមិសាស្ត្ររាជ​ធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានធ្វើ​ការហាមឃាត់​នាពេលកន្លងមក ដោយមិនមានការដាក់អោយ​ដេញថ្លៃជាសាធារណៈ ដែលករណីនេះ​បាននាំឲ្យមាន​ប្រតិកម្មយ៉ាងខ្លាំង​ពីមន្ត្រីភាគច្រើន រួមទាំងក្រុមហ៊ុន​រកស៊ីបូមខ្សាច់​ដែលបានច្បាប់ តាមរយៈការដេញថ្លៃត្រឹមត្រូវ​តាមលទ្ធកម្មផងដែរ។

ប្រភពបានឲ្យដឹងថា ក្រុមហ៊ុន ថៃ ទ្រី ត្រូវបានមន្ត្រីអាជ្ញាធរឃុបឃិតគ្នាប្រគល់សិទ្ធិ​ឲ្យធ្វើអាជីវកម្មបូមខ្សាច់ នៅតំបន់ទន្លេចតុមុខ​ភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងទំហំផ្ទៃដី ៣០ហិកតា ក្រោមលេសជាថ្នូរ​ការបូមស្ដារដីចុងកោះ​ជ្រោយចង្វារ។ តាមព័ត៌មានបានបន្ថែមថា តាមពិតផ្ទៃដីចុងកោះជ្រោយចង្វារ ដែលតម្រូវឲ្យបូមស្ដារដើម្បីបើកផ្លូវទឹកទន្លេមេគង្គ និងត្រីហូរចូលទៅទន្លេសាបនោះ គឺមានទំហំ​ប្រមាណ​ជាង ២ហិកតាប៉ុណ្ណោះ។

គេនៅចាំបានថា កាលពីថ្ងៃសម្ពោធ​ដាក់ឲ្យដំណើរការអាជីវកម្មសណ្ឋាគារ​សុខា នៅជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីអាជ្ញាធរ​យកដីដុះ​នៅចុងកោះជ្រោយ​ចង្វារចេញ ដោយឲ្យ​ប្រើម៉ា​ស៊ីន​ចាប់យក (ក្រចាប់) ដោយមិនឲ្យប្រើម៉ាស៊ីនបូម​នោះឡើយ ដើម្បីសម្រួលដល់ផ្លូវទឹក និងមច្ឆជាតិហូរចូលទៅបឹងទន្លេសាប។ ប៉ុន្តែបច្ចុប្បន្នបែរជា​គេឃុបឃិតគ្នា​ឲ្យក្រុមហ៊ុន ថៃ ទ្រី ធ្វើអាជីវកម្មបូមយកខ្សាច់​រហូតដល់ទៅទំហំ​៣០ហិកតា គឺតាំងពីចុងកោះ​ជ្រោយចង្វារ លាតសន្ធឹងហួសខាងក្រោយ​ផ្ទះ លោក កែប ជុតិមា អតីតអភិបាលរាជធានី​ភ្នំពេញទៅទៀត ខណៈទន្លេនៅតំបន់​នោះមានជម្រៅ ទឹកជ្រៅស្រាប់ទៅហើយ។

អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ទៅលើការឃុបឃិតគ្នា អនុញ្ញាតឲ្យឈ្មួញបូមខ្សាច់ខុសទីតាំង តម្រូវការចាំបាច់ក្នុងទំហំធំ និងគ្មានការដាក់ឲ្យដេញថ្លៃ ដែលនាំឲ្យរដ្ឋខាតថវិកា​ដែលបានមកពីការបង់​សួយសាររាប់លាន​ដុល្លារនេះ គឺតាមអ្នកបច្ចេកទេសបានអះអាងថា ការបូមយកដីនៅចុងកោះជ្រោយចង្វារចេញ គេប្រើរយៈពេលតែជាងកន្លះឆ្នាំប៉ុណ្ណោះគឺបូមអស់ហើយ តែនេះបែរជាអាជ្ញា​ធរ​អនុញ្ញាត​ឲ្យ ក្រុមហ៊ុន ថៃ ទ្រី បូមដោយប្រើរយៈពេលរហូតដល់ទៅ ៣ឆ្នាំ មិនខុសពីគេឃុបឃិតគ្នាឲ្យក្រុមហ៊ុនបូមខ្សាច់លក់ដោយមិនដេញថ្លៃ មិនបង់លុយចូលរដ្ឋ ហើយយកលុយមក​ចែកគ្នាធ្វើមានបាន​នោះទេ។

ចំណែកក្រុមអ្នករកស៊ីបូមខ្សាច់លក់ តាមរយៈការដេញថ្លៃបង់លុយចូលរដ្ឋត្រឹម​ត្រូវវិញបាន​លើកឡើងថា ពួកគេមិនជំទាស់ការអនុញ្ញាត​នេះឡើយ តែសូមឲ្យមានការដេញថ្លៃ​ជាសាធារណៈតាមលទ្ធកម្ម ប្រកួតប្រជែងតាមបែប​ទីផ្សារសេរី ប្រកបដោយតម្លាភាព ព្រោះបើមិនដូច្នេះទេ អ្នករកស៊ីត្រឹមត្រូវបង់ពន្ធជូនរដ្ឋ មិនអាចប្រកួតប្រជែងជាមួយឈ្មួញរកស៊ីតាមបែបទុច្ចរិតបានឡើយ ព្រោះទីតាំងបូមខ្សាច់​របស់ក្រុមហ៊ុនដេញថ្លៃ គឺនៅឆ្ងាយ ៤០គីឡូម៉ែត្រពីភ្នំពេញ។ ចំណែកទីតាំងបូមខ្សាច់របស់ក្រុមហ៊ុនមិនដេញថ្លៃនៅជិតដូចនេះ គេអាចលក់តម្លៃថោកជាងដើម្បីផ្ដួលទីផ្សារបាន តែបើដាក់ឲ្យដេញថ្លៃជាសាធារណៈគឺពួកគេមិនជំទាស់ឡើយ។

ពាក់ព័ន្ធការប្រតិកម្មពីមន្ត្រី និងក្រុមហ៊ុនរកស៊ីត្រឹមត្រូវខាងលើនេះ លោក ឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះ​ថា ក្រសួងបានចេញអាជ្ញាបណ្ណឲ្យបូមខ្សាច់ និងបូមភក់ជូនក្រុមហ៊ុន ហួ ទ្រីឆាយ តាមការស្នើសុំរបស់សាលារាជធានី និងតាមនិយាមកាសិក្សាដោយ ក្រសួងធនធានទឹក ព្រោះក្នុងករណីនេះ សាលារាជធានីបានទទួល ភារកិច្ចពីប្រមុខរាជរដ្ឋាភិបាល​ដើម្បីយកដីដុះចេញពីជ្រោយ។

ក្រសួងរ៉ែ និងថាមពល គឺជាអ្នកពិនិត្យក្នុងរឿងប្រកួតប្រជែង ដោយកំណត់សួយសារ និងអត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុន ដែលបានជ្រើសរើសដោយសាលារាជធានី ឲ្យស្មើនឹងអត្ថប្រយោជន៍​បន្ថែមរបស់ក្រុមហ៊ុន ដែលបានដេញថ្លៃ​ដោយតម្លាភាពនៅ​រកាកោងដែរ។ ចំណែកល្បាយភក់ គឺមិនមានយកអត្ថប្រយោជន៍​បន្ថែមទេ ព្រោះគោលដៅគឺរំលាយ​ដីដុះល្បាប់ភក់នេះ៕