(ភ្នំពេញ)៖ រហូតដល់ម៉ោងជិត៥៖០០ល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជំនួបរវាងក្រុមការងារមតិភាគច្រើន ក្នុងរដ្ឋសភាដឹកនាំដោយសម្តេចក្រឡាហោម ស ខេង និងក្រុមមតិភាគតិចដឹកនាំដោយ លោក កឹម សុខា នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាពង្រឹងវប្បធម៌សន្ទនា បានចាប់ផ្តើមហើយ។

តំណាងរាស្រ្តគណបក្សប្រជាជន និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ជំនួបនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងដល់វប្បធម៌សន្ទនា ក៏ដូចជាដោះស្រាយបញ្ហាសេសសល់មួយចំនួន តាមកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ គណបក្សមានអសនៈនៅរដ្ឋសភាទាំងពីរ បានបើកកិច្ចចរចាជាមួយគ្នាដោយបាន ព្រមព្រៀងគ្នាជាថ្មីចំនួន៤ចំណុច រួមមាន៖

១.បង្កើតគណៈកម្មការចំពោះកិច្ចដែលចូលរួមដោយ គណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាព ដំឡើងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
២. បង្កើតក្រុមការងារដែលចូលរួម ដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនា ដោយឈលើស្មារតីនៃសេចក្តីថ្លែងការណ៍រួម រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ សម្តៅឱ្យមានការជឿទុកចិត្តគ្នា រវាងគណបក្សនយោបាយ នៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិឱ្យបានស្ថិតស្ថេរ យូរអង្វែង។
៣.ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារ ព្រមទាំងការផ្តល់មធ្យោបាយសម្រាប់ថ្នាក់ដឹកនាំ តំណាងរាស្រ្តនៃគណបក្ស នយោបាយក្នុងរដ្ឋសភា សម្តៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព នៃស្ថាប័នរដ្ឋសភា ។
៤. បន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ៕