(ភ្នំពេញ)៖ ពិព័រណ៍គំនូរ «សិល្បៈនៃការចែករំលែក» ត្រូវបានរៀបចំឡើងដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកស្រី ជា សិរី ឧបការីទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា និងជាវិចិត្រការិនីមួយរូប ដែលត្រូវបានរៀបចំឡើង ដើម្បីរៃអង្គាសថវិកាជួយដល់អង្គការចំនួន៣នៅកម្ពុជា ដែលធ្វើការលើបញ្ហាសង្គម និងសុខភាពផ្លូវចិត្ត។

ពិព័រណ៍គំនូរ «សិល្បៈនៃការចែករំលែក» នេះត្រូវបានរៀបចំជាលើកទី១ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ និងអនុញ្ញាតឲ្យសាធារណជន ចូលទស្សនាដោយផ្ទាល់ និងឥតគិតថ្លៃ។ នេះក៏ជាលើកទី១ផងដែរ ដែលការតាំងពិព័រណ៍នៅកម្ពុជា ត្រូវបានរៀបចំជាការតាំងពិព័រណ៍ឌីជីថល 3D ដែលសាធារណជនអាចចូលមើលបាន តាមរយៈប្រព័ន្ធអ៊ីធើណេតដោយសេរី និងគ្រប់ទីកន្លែង។

លោកស្រី ជា សិរី ថ្លែងឲ្យដឹងថា «ការរៀបចំពិព័រណ៍គំនូរនេះនឹងរៀបចំឡើង រយៈពេល៦សប្ដាហ៍ ដើម្បីបង្ហាញអំពីសិល្បៈនៃគំនូរ ហើយតាមរយៈការលក់ផ្ទាំងគំនូរនេះ នឹងយកថវិកាទៅជួយ ដល់អង្គការចំនួន៣នៅកម្ពុជារួមមាន៖ អង្គការចិត្តសង្គមអន្ដរវប្បធម៌ (ធីភីអូ) កម្ពុជា, អង្គការបុត្តាភិបាល ដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS-SP) និងអង្គការជួយដល់ជនចាស់ជរាកម្ពុជា»

លោកស្រី ជា សិរី បានថ្លែងបន្ដថា នៅក្នុងពេលវេលាដ៏លំបាកដូចបច្ចុប្បន្ននេះ យើងចាំបាច់ត្រូវរួបរួមគ្នា ទៅវិញទៅមកដោយបង្កើតក្ដីសង្ឃឹម និងភាពរីករាយដល់គ្នា តួយ៉ាងដូចជាការតាំងពិព័រណ៍សិល្បៈគំនូរ ដើម្បីរៃអង្គាសមូលនិធិសប្បុរសធម៌នេះជាដើម។

គំនិតផ្ដួចផ្ដើមរបស់លោកស្រី ជា សិរី លើគំនូរនេះត្រូវបានលេចឡើង ក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ជាថ្មី ដោយតម្រូវឲ្យមនុស្សម្នាក់ៗ សម្រាកនៅផ្ទះ។ ក្នុងអំឡុងពេលសម្រាកលោកស្រី បានឆ្លៀតពេលគូរគំនូរជាបន្ដបន្ទាប់ ក្នុងពេលនោះដែលលោកស្រីបាននឹកឃើញពី បំណងក្នុងការប្រើប្រាស់ស្នាដៃគំនូររបស់ខ្លួន ដើម្បីជាប្រយោជន៍សម្រាប់សង្គម។

ដើម្បីរួមចំណែកក្នុងការជួយដល់សង្គមកម្ពុជា កញ្ញា អាដាណា ម៉ម ឡឺហ្គ្រោស វិចិត្រការនីខ្មែរកាត់បារាំង និងមានទេពកោសល្យលើគំនូរ បានចូលរួមចំណែកបង្ហាញស្នាដៃ ក្នុងការតាំងពិព័រណ៍រួមគ្នា ដើម្បីសប្បុរសធម៌នេះផងដែរ។

កញ្ញា អាដាណា ម៉ម ឡឺហ្គ្រោស ឲ្យដឹងថា កត្តាសំខាន់ដែលជំរុញចូលរួម ក្នុងសកម្មភាពនេះ គឺសកម្មភាពតស៊ូមតិរបស់ឪពុកម្ដាយ និងបទពិសោធន៍ផ្ទាល់របស់កញ្ញាជាមួយនឹងជំងឺមហារីក។ មួយវិញទៀតកញ្ញាមានចំណង់ចំណូលចិត្ត លើការងារមនុស្សធម៌នេះតាំងពីក្មេង ដូច្នេះកញ្ញាពិតជារីករាយលើការបង្ហាញស្នាដៃ ក្នុងការតាំងពិព័រណ៍រួមគ្នា ដើម្បីសប្បុរសធម៌មួយនេះ។

សូមបញ្ជាក់ថា រាល់ថវិកាដែលទទួលបានពី ការលក់ស្នាដៃគំនូរក្នុងការតាំងពិព័រនេះ នឹងត្រូវប្រើប្រាស់ ដើម្បីឧបត្ថមដល់អង្គការក្រៅរដ្ឋាភិបាលចំនួន៣រួមមាន៖ ១៖ អង្គការចិត្តសង្គមអន្ដរវប្បធម៌ (ធីភីអូ) កម្ពុជា ជាអង្គការក្រៅរាជរដ្ឋាភិបាលឈានមុខគេមួយ ដែលធ្វើការក្នុងវិស័យសុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្រ្ដ។ ២៖ អង្គការជួយដល់ជនចាស់ជរាកម្ពុជា ជាអង្គការដែលលកម្ពស់សិទ្ធិជនចាស់ជរា និងឧបត្ថមជនចាស់ក្រីក្រនៅកម្ពុជា។ ៣៖ អង្គការបុត្តាភិបាល ដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS-SP) ជាអង្គការដែលផ្ដល់ការបណ្ដុះបណ្ដាល ដល់មាតាបិតា និងអ្នកថែទាំកុមារ ឲ្យទទួលបានចំណេះដឹង និងជំនាញ និងសមត្ថភាពក្នុងការបង្កើត៕