(ព្រៃវែង)៖ លោក ស្ដើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា ក្រោយជ័យជម្នះ ៧មករា ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្ដូលរំលំហើយនោះ កម្ពុជាបានដើរនៅលើផ្លូវដ៏ត្រឹមត្រូវ ស្របតាមបំណងដែលប្រជាជនចង់បាន គឺជាប្រទេសមួយដែលមានសុខសន្ដិភាពពេញលេញ និងពោរពេញដោយការអភិវឌ្ឍ។

ការលើកឡើងរបស់លោក ស្ដើង សុខុម ត្រូវបានធ្វើឡើងក្នុងឱកាសនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ដល់ជូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ គ្រាដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា កំពុងអបអរសាទរនូវខួបលើកទី៤២ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា។

ក្នុងឱកាសនោះ លោក ស្តើង សុខុម បានរំលេចនូវអត្ថន័យទិវាជ័យជម្នះ៧មករា ដោយបានចាត់ទុកថា ថ្ងៃ៧ មករា គឺជាថ្ងៃប្រវត្តិសាស្ត្រដែលបានផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ បានទាន់ពេលវេលាហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន៍ភាពសង្គម។

លោក ស្តើង សុខុម បានបន្តថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុលើស៤២ឆ្នាំឡើង សុទ្ធតែធ្លាប់បានឆ្លងកាត់នូវរបបមួយដែលមហាឃោឃៅនេះ។ អ្នកជំនាន់ក្រោយខ្លះបានស្តាប់រឿងនេះតាមរយៈឪពុកម្តាយ ឬជីដូនជីតា និទានប្រាប់បែរចាត់ទុកថា ជារឿងនិទាន ឬគ្រាន់តែជារឿងប្រលោមលោក ប៉ុន្តែអ្នកដែលបានឆ្លងកាត់របបនេះ ហើយនៅរស់រានមានជីវិតសល់ពីការស្លាប់បានពណ៌នារបបនេះថា ជាវាលពិឃាតជាឋានរក ឬជាគុកឥតជញ្ជាំង។

មូលហេតុ ដោយសារតែសម័យនោះ ប្រើមនុស្សដូចសត្វធាតុយក មនុស្សទៅអូសរទេះ អូសនង្គ័ល បង្ខំប្រជាជនឲ្យធ្វើការតាំងពីថ្ងៃរះ រហូតដល់ពេលថ្ងៃលិច ដោយផ្តល់តែទឹកបបរ ដែលមានគ្រាប់អង្ករតិចតួចសម្រាប់ជាអាហារ។ ប្រជាពលរដ្ឋ គ្រប់រូបត្រូវបានបង្ខំឲ្យបោះបង់ចោលសាសនា វប្បធ៌ម ប្រពៃណីជាតិ គ្មានការអប់រំ គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានសេចក្តីស្រឡាញ់ គ្មានឪពុកម្តាយបងប្អូន។ ពេលនោះកុំនិយាយ ដល់សិទ្ធិមនុស្សសូម្បីតែសិទ្ធិរស់រានមានជីវិតក៏គ្មានផង ជីវិតប្រជាជនអន់ជាងសត្វធាតុទៅទៀត។

លោក ស្តើង សុខុម បានបន្តថា ហេតុដូចនេះហើយបានប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការស្លាប់បន្ទាប់ពីការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលសម្លាប់មនុស្សអស់ជាង៣លាននាក់ បានប្រសិទ្ធនាមថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃកំណើតទីពីររបស់ខ្លួន, ជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះនៃ ការកកើតឡើងវិញ និងការរីកចម្រើននូវអ្វីៗគ្រប់យ៉ាង ដែលជាគុណតម្លៃសម្រាប់សង្គមជាតិ ហើយបើគ្មានជ័យជម្នះ ៧មករាទេ យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗ ទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះឡើយ។

បើតាមលោក ស្ដើង សុខុម រយៈពេល៤២ឆ្នាំមកនេះ ប្រជាជនយើងពិតជាបានឆ្លងកាត់ដំណាក់កាលលំបាក ក្រោយពេលរំដោះ៧ មករា ១៩៧៩ យើងប្រឹងរស់យើងត្រូវការអាហារ ហូបគ្រប់គ្រាន់ត្រូវការសុខសន្តិភាព។ នៅលើវិថីដ៏សែនលំបាកនេះគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូ រំដោះជាតិពីរបបប្រល័យពូជសាសន៍ បានផ្សាភ្ជាប់ខ្លួន ជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ កសាងប្រទេសផង ការពារមិនឲ្យរបប ប្រល័យពូជសាសន៍ វិលត្រឡប់មកជាថ្មី និងរងនូវទណ្ឌកម្មសេដ្ឋកិច្ច ពីប្រទេសលោកខាងលិចថែមទៀត។ ឆ្លងកាត់ឧបសគ្គតូចធំច្រើនរាប់មិនអស់ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ ក្នុងសន្តិភាព ប្រកបដោយមោទនភាពទាំងនេះ គឺជាសច្ចធ៌មប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃបានឡើយ។

សមិទ្ធផលក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលរកបានគឺ សន្តិភាពពេញលេញបរិបូរណ៍ ជាប្រទេសមួយ មានរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ច្បាប់សម្រាប់អនុវត្តតែមួយ។ ក្រោយពីទទួលបានសន្តិភាពពេញលេញជាង២០ឆ្នាំ មកនេះយើងទាំងអស់គ្នា ពិតជាបានឃើញរួចហើយនូវសមិទ្ធផលសង្គមជាតិកើតចេញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក ស្ដើង សុខុម បានអះអាងថា កម្ពុជាកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវ ស្របតាមបំណងដែលប្រជាជនចង់បាន គឺជាប្រទេសដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងនីតិរដ្ឋ ហើយជាទឹកដីដែលមានសុខសន្តិភាពពេញលេញ ប្រទេសមានសេដ្ឋកិច្ច កំពុងលូតលាស់យ៉ាងលឿន ធ្វើឲ្យជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរឡើង។

លោកសង្កត់ធ្ងន់ទៀតថា ទាំងអស់នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារថែរក្សាពូនជ្រុំបន្តទៅទៀត៕