(ភ្នំពេញ)៖ លោក រៀល ខេមរិន្ទ អតីតតំណាងរាស្ត្រ អតីតគណបក្ស CNRP ដែលតែងវាយប្រហារលើគណបក្សប្រជាជន និងវាយប្រហារថ្ងៃជ័យជម្នះ ៧ មករានោះ ថ្ងៃនេះបានផ្តល់សច្ចភាពប្រវត្តិសាស្ត្រ និងការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា លើការរំដោះជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយ។

ការប្រកាសទទួលស្គាល់សមិទ្ធផលជ័យជម្នះ ៧ មករា ធ្វើឡើងចំថ្ងៃខួប៤២ឆ្នាំ នៃថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃនេះ។

ថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ គឺមិនដែលមាននរណាទទួលស្គាល់លើថ្ងៃជ័យជម្នះ ៧ មករា ដែលជាសមិទ្ធិផលប្រឹងប្រែងរបស់គណបក្ស ប្រជាជនកម្ពុជានោះឡើយ។ ពួកគេតែងតែចោទប្រកាន់ថា ថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃវៀតណាមចូលមកឆ្លៀតពានកម្ពុជា។

តែពេលនេះគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលលោក រៀល ខេមរិន្ទ ដែលធ្លាប់តែបរិហារថ្ងៃ ៧ មករានោះប្រែមកទទួលស្គាល់ថ្ងៃជ័យជម្នះ៧មករា ជាថ្ងៃដ៏មានគុណសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោក រៀល ខេមរិន្ទ បានបញ្ជាក់លើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ «ខ្ញុំមិនមែនជាគណបក្សប្រជាជនកម្ពុជាទេ ឯគណបក្សប្រជាកម្ពុជា ក៏មិនមែនជាសត្រូវរបស់ខ្ញុំដែរ។ តែខ្ញុំគាំទ្រនូវអ្វីដែលត្រឹមត្រូវដោយតម្កល់នូវផលប្រយោជន៍ជាតិជាធំ ឈរលើជំហរ ខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ សាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានឈ្លានពានទឹកដីពីពួកបរទេស»

ដោយភ្ជាប់ជាមួយរូបភាពអបអរសាទរថ្ងៃជ័យជម្នះ៧មករាផងនោះ លោក រៀល ខេមរិន្ទ បន្ថែមថា «យើងគ្រាន់តែមាននិន្នាការនយោបាយខុសគ្នា តែយើងមិនមែនជាសត្រូវនិងគ្នាទេ គឺឈាមតែមួយ។ សូមជូនពរគណបក្សប្រជាជនកម្ពុជាក្នុងឱកាសបុណ្យខួប ៧ មករា ២០២១ នេះ»

សូមបញ្ជាក់ថា លោក រៀល ខេមរិន្ទ ជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ។ លោកក៏ជាអ្នកនយោបាយដែលត្រូវបានហាមឃាត់មិនឱ្យ ធ្វើនយោបាយផងដែរក្រោយពេលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីឆ្នាំ២០១៧។

តែនៅឆ្នាំ២០១៩ ដោយមានការបើកផ្លូវពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ លោក រៀល ខេមរិន្ទ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ក្រោយទទួលបានការនីតិសម្បទាដើម្បីធ្វើនយោបាយឡើងវិញ លោក រៀល ខេមរិន្ទ បានទៅបង្កើតបក្សនយោបាយមួយឈ្មោះថា «ខ្មែរ អភិរក្ស និយម»

ការចេញសារទទួលស្គាល់នូវសច្ចភាពប្រវត្តិសាស្ត្រ សច្ចភាពនៃការដឹកនាំតស៊ូរំដោះជាតិ និងប្រជាជនរបស់គណបក្សប្រជាជនកម្ពុជានាថ្ងៃ៧ មករា ឆ្នាំ១៩៧៩នេះ មានក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិមួយចមំនួនសម្តែងការខឹងសម្បា ហើយជេរប្រមាថលោក រៀល ខេមរិន្ទ ផងដែរ៕