(ភ្នំពេញ-ស្ទឹងត្រែង)៖ គិតមកល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ឃាតកបាញ់សម្លាប់នគរបាលនៅខណ្ឌពោធិ៍សែនជ័យ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននោះ បានរត់គេចខ្លួនដល់ខេត្តស្ទឹងត្រែងហើយ ក្រោមការតាមប្រមាញ់របស់កម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។

ការប្រមាញ់ស្វែងរកឃាតកបាញ់សម្លាប់មន្ត្រីនគរបាលរាជធានីភ្នំពេញ បានបន្តដល់ខេត្តស្ទឹងត្រែង ដែលនៅទីនោះ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាឃាតក បានប្រើប្រាស់ម៉ូតូមួយគ្រឿងម៉ាក Dream សេរីឆ្នាំ២០២០ថែមទៀត។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនសង្ស័យបានជិះម៉ូតូ១គ្រឿងនោះ កាលពីយប់មិញ ចូលមកក្នុងភូមិមួយឈ្មោះភូមិច្រប់ ក្នុងស្រុកសេសាន និងបានទុកម៉ូតូនោះចោលនិងគេចខ្លួនបាត់ថែមទៀតនៅ ពេលព្រឹកព្រលឹម។

សមត្ថកិច្ចនៅមិនទាន់មានប្រតិកម្មបញ្ជាក់បន្ថែមជុំវិញការស្វែងប្រមាញ់រកឃាតកបាញ់សម្លាប់មន្ត្រីនគរបាលលោកវរសេនីយ៍ រ៉េត ស៊ីណាត កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នោះឡើយ។ មិនមានសេចក្តីរាយការណ៍ថាតើ ជនសង្ស័យនោះ កំពុងស្ថិតនៅទីណាមួយនោះទេ ប៉ុន្តែមានការសង្ស័យថា ជនសង្ស័យអាចនឹងរត់ចូលក្នុងព្រៃនៅក្នុងព្រំប្រទល់ខេត្ត៤ភាគឥសានប្រទេស គឺខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តក្រចេះ។

ម៉ូតូរបស់ជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍ក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង បានយកទៅរក្សាទុកជាវត្ថុតាង។ គួរបញ្ជាក់ថា កាលពីម្សិលមិញជនសង្ស័យ បានជិះរថយន្តបុករបាំងការពាររបស់សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី និងបានរត់ភៀសខ្លួនចូលទៅក្នុងព្រៃ ដោយបន្សល់ទុកតែភរិយា, កូនស្រីនិងប្អូន ថ្លៃស្រី ជាមួយនឹងរថយន្ត។ ជនសង្ស័យរូបនោះ ត្រូវបានគេទម្លាយអត្តសញ្ញាណម្សិលមិញឲ្យដឹងថាមាន ឈ្មោះ អ៊ា ណារ៉េន ដែលជាមនុស្សមានអាវុធជាប់ខ្លួន និងប្រកបដោយគ្រោះថ្នាក់ថែមទៀត។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងបន្ទាប់ពីធ្វើសកម្មភាព កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០រួច បានរត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែងជាបន្ដបន្ទាប់ តាំងពីរាជធានីភ្នំពេញ រហូតធ្លាក់ដល់ខេត្តភាគឦសាន ដែលជាហេតុបង្កការលំបាកដល់ កម្លាំងប្រដាប់អាវុធ ក្នុងការចាប់ខ្លួនខ្មាន់កាំភ្លើងខាងលើ ដែលជាមន្ដ្រីយោធា និងមានអាវុធជាប់ខ្លួនថែមទៀតផង។

នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ម្សិលមិញ ខ្មាន់កាំភ្លើងបានរត់ដល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជិះរថយន្ដមួយគ្រឿង ក្នុងនោះមានទាំងប្រពន្ធ និងកូនតូចម្នាក់នៅជាមួយ។ បន្ទាប់ពីសមត្ថកិច្ចកំណត់ទីតាំងលាក់ខ្លួន របស់ខ្មាន់កាំភ្លើងបាន និងដាក់បារ៉ាស់នៅលើផ្លូវ ដើម្បីស្ទាក់ចាប់ ប៉ុន្ដែខ្មាន់កាំភ្លើង មិនព្រមប្រគល់ខ្លួននោះទេ ពោលបានបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ចថែមទៀតផង។

បើតាមសេចក្ដីរាយការណ៍ ក្រោយបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ច ខ្មាន់កាំភ្លើងបានបន្ដបើករថយន្ដគេចខ្លួន លុះបើកបានប្រមាណ១គីឡូម៉ែត្រ ខ្មាន់កាំភ្លើងបានចុះពីលើរថយន្ដ ហើយរត់គេចដោយថ្មើរជើងចូលក្នុងព្រៃជ្រៅ ដោយបន្សល់ទុកប្រពន្ធ និងកូន។ ពេលនោះប្រពន្ធ និងកូនតូចរបស់ខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំផងដែរ។

កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏ចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួកខ្មាន់កាំភ្លើង ត្រូវចាប់ខ្លួនបាននៅខេត្តបាត់ដំបង ហើយបញ្ជូនភ្លាមៗតាមរថយន្ដមកកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ។

បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។

បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីឲ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន (ខ្មាន់កាំភ្លើង) មានកំហឹង ហើយប្រាប់ខ្លួនឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចារគ្នា រឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ រ៉េត ស៉ីណាត មានតួនាទីជា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ស័ក្ដិ៤កន្លះ។ នៅកន្លែងកើតហេតុ បន្ទាប់ពីពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែរ។

យ៉ាងណាមិញ សម្រាប់អំពើឃាតកម្មមួយនេះ មហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មានការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងកំពុងរង់ចាំលទ្ធផល នៃការចាប់ខ្លួនខ្មាន់កាំភ្លើង ពីសំណាក់សមត្ថកិច្ចជំនាញដូចគ្នាផងដែរ។ ប៉ុន្ដែសមត្ថកិច្ចជំនាញបានបង្ហើបថា ប្រតិបត្តិការនៃការចាប់ខ្លួនខ្មាន់កាំភ្លើង មិនងាយស្រួលនោះទេ ពោលជនដៃដល់ពេលកំពុងរត់គេចខ្លួននេះ មានអាវុធជាប់ខ្លួន។

ទោះបីជាលំបាកក្នុងការចាប់ខ្លួនក៏ពិតមែន ប៉ុន្ដែកម្លាំងសមត្ថកិច្ចចម្រុះមិនរុញរា ឬដកថយនោះឡើយ បើទោះបីត្រូវដេកក្នុងព្រៃក៏ដោយ ពោលនៅតែរុលទៅមុខ ដើម្បីតាមស្រាវជ្រាវ និងរុករកទីតាំងលាក់ខ្លួនរបស់ជនដៃដល់ ព្រមទាំងចាប់ខ្លួនឲ្យខាងតែបាន។ មហាជនក៏សូមជូនពរ ឲ្យសមត្ថកិច្ចទទួលបានជោគជ័យក្នុងប្រតិបត្តិការនេះផងដែរ៕