(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី បានប្រគល់អង្កចំនួន១៤០តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ដើម្បីទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ ជាពិសេសជូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។

ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤នេះ បានធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង និងលោកស្រី នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

លោក ឃួង ស្រេង បានលើកឡើងថា សំរាប់ពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់អំណោយមនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងមួយអនុសាខាទទួលបានអង្ករចំនួន១០តោន។ អង្ករដែលបានប្រគល់ជូនគឺសម្រាប់ ទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ ជាពិសេសជូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញរបស់យើង។

ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចនេះ លោកស្នើឲ្យអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ មេត្តាជួយផ្តល់ឱ្យដល់ដៃប្រជាពលរដ្ឋតាមរយៈការចុះសួរសុខទុក្ខតាមខ្នងផ្ទះ ដោយចៀសវាងការជួបជុំក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបន្តថា សម្តេចប្រធានតែងតែយកចិត្តទុកដាក់ និងគិតគូរឥតឈប់ឈរចំពោះសុខទុក្ខ សុខសុវត្ថិភាពជីវភាពរស់នៅ និងការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ។

លោកបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់បាយ និងវេទនាក្នុងជីវិតរស់នៅក្នុងសង្គមកម្ពុជាយើងឡើយ។ ភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងទ្វេ បាននាំឱ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថេរភាពនយោបាយ មានសន្តិភាពពេញបរិបូរណ៍ ទប់ស្កាត់បានទាន់ពេលវេលានៅជំងឺឆ្លងជំងឺកូវីដ១៩ និងមានការរីកចម្រើនលើគ្រប់វិស័យ ដោយទទួលបានកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោមការចង្អុលបង្ហាញជាប្រចាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធានបានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ១៩ជាដើម ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការតាមដានប្រជាពលរដ្ឋ ដែលខ្វះខាត ទីទាល់ក្រ លោកតា លោកយាយចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍
ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ ដោយមិនត្រូវទុកនរណា ឬប្រជាពលរដ្ឋណាមួយឱ្យអត់បាយស្លាប់ឡើយ៕

http://freshnewsasia.com/index.php/en/localnews/182923-2021-01-06-10-35-50.html