(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងអំពីគុណបំណាច់ «៧ មករា ឆ្នាំ១៩៧៩» ជាប្រភពដើមនៃអ្វីៗទាំងអស់ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ ផងដែរ។

«៧មករា ជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលកើតឡើងក្នុងពេលដែលប្រទេសកម្ពុជាយើង ជួបនៅគ្រោះមរណៈ ដូច្នេះហើយបានជា៧មករា បានរំដោះប្រទេសជាតិឱ្យរួចផុតពីគ្រោះមរណៈ ពីរបបប្រល័យពូជសាស្រ្ត ហើយមានថ្ងៃ៧មករា ទើបយើងមានជីវិត មានសេរីភាព ជំនឿទំនៀមទម្លាប់សាសនាកើតឡើងវិញ»។ នេះជាការបញ្ជាក់របស់ លោក សុខ ឥសាន ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពី កងទ័ពស្ម័គ្រចិត្តវៀតណាម ផ្តួលរំលំដោយជោគជ័យនូវ របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ បនប្រល័យពូជសាសន៍ប៉ុលពត។ ៧មករា ១៩៧៩ បានរំដោះប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតសារជាថ្មីឡើងវិញ ខណៈដែលមានពលរដ្ឋប្រមាណ៣លាននាក់ បានស្លាប់ក្នុងរបបប្រល័យពូជសាសន៍នេះ។

លោក សុខ ឥសាន បានរម្លឹកថា ថ្ងៃ៧មករា ១៩៧៩ បាននាំមកទៅដល់ ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយបន្ទាប់មកទើបមានការបោះឆ្នោតសកលជាលើកដំបូង នៅឆ្នាំ១៩៩៣។ លោកបញ្ជាក់ទៀតថា ទោះបីជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការបោះឆ្នោត និងរដ្ឋធម្មនុញ្ញក៏ដោយ កម្ពុជានៅតែមានការប៉ះទង្គិចគ្នា រហូតដល់មានការដាក់ចេញនូវ នយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៦ ដែលនាំមកនូវសន្តិភាពពេញលេញ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មក។

លោកបញ្ជាក់ដូច្នេះថា៖ «ទោះបីជាអ៊ុនតាក់ប្រើលុយអស់២ពាន់លានដុល្លារពិតមែន ក៏ប៉ុន្តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា ស្របតាមគោលដៅចម្បងរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានទេ អញ្ចឹង បានជាសម្តេចតេជោ ហ៊ុន សែន បង្កើតនយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៦ ហើយធ្វើឱ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហម ត្រូវរលំរលាយ ហើយនាំមកនៅសន្តិភាពពេញលេញ នាខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានពីមុន ក្នុងប្រវត្តិសាស្រ្តកម្ពុជារាប់រយឆ្នាំ»

លោកបានបញ្ជាក់បន្ថែមថា៖ «នយោបាយឈ្នះឈ្នះ គឺយើងដោះស្រាយបញ្ហាដោយខ្មែរគ្នាឯង អត់មានពឹងពាក់បរទេសទៀតទេ ហើយបានសន្តិភាពពេញលេញ មិនធ្លាប់មានពីមុនមកទើបយើងបានឱកាស ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ សរុបមកវិញបើអត់មានថ្ងៃ៧មករាទេ អ្វីៗនៅថ្ងៃនេះក៏អត់មានដែរ»

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ជាខួបលើកទី៤២ឆ្នាំ នៃថ្ងៃរំដោះ៧មករា។ នៅឆ្នាំនេះ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ពុំបានរៀបចំអង្គមិទ្ទិញឱ្យបានធំដុំដូចសព្វដងនោះទេ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ដែលបន្តពីឆ្នាំមុន។ ទោះជាយ៉ាងនេះក្តី នៅតាមបណ្តាញសង្គម Facebook ទាំងអ្នកនយោបាយ យុវជន និងប្រជាពលរដ្ឋ បានបង្ហោះសាទរដល់ខួបលើកទី៤២ឆ្នាំ នៃថ្ងៃកំណើតទី២ «៧មករា»

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះលើ Facebook របស់លោកថា៖ ថ្ងៃ៧ ខែមករា ជាថ្ងៃកំណើតទីពីរ របស់ប្រជាជាតិយើង ហើយក្នុងនាមជាអ្នកបន្តវេន ត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ដែលជាការដាស់ស្មារតី ក្នុងការថែរក្សាសុខសន្តិភាព កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្តច្រំដែលទៀត៕