(ព្រះសីហនុ)៖ លោកស្រីឧត្តមសេនីយ៍ទោ ខៃ ណារិន អាយុ៦២ឆ្នាំ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ទាំងឡាយ តាមបណ្តាញសង្គម និងព័ត៌មានមួយចំនួន ដែលបានធ្វើការចោទប្រកាន់ខុសពីការពិតមកលើលោកស្រី ពាក់ព័ន្ធនឹងវិវាទដីធ្លីមួយនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកស្រីបានបញ្ជាក់ថា ដីរបស់លោកស្រីមានប្លង់ត្រឹមត្រូវ និងមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្រ្តីជំនាញ ប៉ុន្តែមានមនុស្សមួយក្រុមមកលួចសាងសង់រោងនៅលើដីដោយគ្មានការអនុញ្ញាត និងចង់រំលោភយកតែម្តង។ លោកស្រីក៏បានដាក់ពាក្យបណ្តឹងផងដែរ ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធចំពោះសកម្មភាពរំលោភបំពានទាំងនេះ។

នៅក្នុងសេចក្តីបំភ្លឺជូនសាធារណៈជនកាលពីពេលកន្លងទៅ លោកស្រី ខៃ ណារិន ក៏បានលើកឡើងផងដែរថា មានបុគ្គលមួយក្រុម បានធ្វើការសាងសង់ផ្ទះនៅលើដីរបស់លោកស្រីដែលមានការទទួលស្គាល់ និងលិខិតស្នាមត្រឹមត្រូវ ស្ថិតនៅភូមិឬទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ព្រមទាំងបានដាក់ពាក្យប្តឹងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

នៅក្នុងលិខិតបំភ្លឺ លោកស្រី ខៃ ណារិន បានគូសបញ្ជាក់ថា ចំពោះការចោទថាលោកស្រី បានទៅរំលោភបំពានទៅ ឈូសឆាយ គ្មានព្រំប្រទល់ ដោយគ្មានឯកសារច្បាស់លាស់នោះគឺជាការមិនពិតទេ។ តាមការពិតលោកស្រី បានទិញដីទាំងនេះ ដោយមានការទទួលស្គាល់ដឹងឮ និងមានលិខិតស្នាមត្រឹមត្រូវពីអាជ្ញាធរតាំងពីថ្នាក់ភូមិឃុំ និងស្រុកទៀតផង ហើយមិនតែប៉ុណ្ណោះលោកស្រី ថែមមានចិត្តអាសូរ ហើយបានផ្តល់ដីទំហំ ៥គុណ២០ម៉ែត្រជូនប្រជាពលរដ្ឋមួយចំនួន ដែលមិនមានដីធ្វើផ្ទះសម្រាប់សាងសង់លំនៅដ្ឋានទៀតផង ប៉ុន្តែនៅមានបុគ្គលមួយចំនួន នៅតែបន្តមកទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ថែមទាំងបំផ្លាញឈូសឆាយបំផ្លាញដំណាំរបស់លោកស្រីទៀតផង៕

ខាងក្រោមនេះជាលិខិតបំភ្លឺ ឯកសារពាក់ព័ន្ធ និងសកម្មភាពលួចសាងសង់រោងនៅលើដីរបស់លោកស្រី៖