(ស្វាយរៀង)៖ ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿងជាន់ហ្វ្រាំងមិនទាន់បុក និងកិនពីលើពេញទំហឹងបណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧៖១៥នាទីព្រឹកថ្ងៃទីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ នី ថៃ អាយុ៦ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រម៉ោល។

បើតាមអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានរត់ឆ្លងកាត់ផ្លូវពីត្បូងទៅជើងដោយខ្វះប្រុងប្រយ័ត្នស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ៣B-៩៤១៩ បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំង មិនជាប់ក៏បុកកិនក្មេងរងគ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុ និងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយករថយន្តទៅកាន់ប៉ុស្តិ៍រដ្ឋបាលគគីសោម ដើម្បីរងចាំដោះស្រាយតាមច្បាប់។

គ្រោះថ្នាក់ចារចរណ៍នេះដែរ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានអំពាវនាវដល់មាតាបិតាត្រូវមានការប្រុងប្រយ័ត្នមើលថែកូនរបស់ខ្លួន ឱ្យបានល្អមិនត្រូវបណ្តោយឱ្យកូនរត់ឆ្លងថ្នល់ដែលនាំឱ្យគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕