(កណ្តាល)៖ លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនជនដៃដល់ឈ្មោះ ទូច សជាតិ ហៅអាដំរី ដាក់ពន្ធនាគារ ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន មាត្រា២០០»។ សុំណុំរឿងករណីរំលោភ និងឃាតកម្មនេះស្ថិតក្នុងដៃលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។

ជនជាប់ចោទឈ្មោះ ទូច សជាតិ ត្រូវបានចោទប្រកាន់ពីបទរំលោភ និងបទឃាតកម្មដោយគិតទុកជាមុន ប្រព្រឹត្តិនៅក្នុងបន្ទប់ជួល យប់ថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

គួរជម្រាបជូនថា ជននេះបានធ្វើសកម្មភាពរំលោភលើជនរងគ្រោះមានឈ្មោះ ផ ប ញ អាយុ១៨ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។ រីឯជនជាប់ចោទឈ្មោះ ទូច សជាតិ អាយុ៣៥ឆ្នាំ រស់នៅកន្លៃងកើតហេតុខាងលើផងដែរ។

ក្រោយរំលោភបានសម្រេចជននេះបានគេចខ្លួនបាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមក្របួចយកវិញបាននៅថ្ងៃដដែលផងដែរ ហើយបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលមួយយប់ រួចរសៀលថ្ងៃទី៦ ខែមករានេះ ក៏បញ្ជូនជនសង្ស័យរូបនេះទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ប្រាប់ភ្នាក់ងារ Fresh News ថា ឃាតកដែលចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំ បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនយកកាំបិត ចាក់សម្លាប់នារីរងគ្រោះ ឱ្យស្លាប់ក្នុងថ្លុកឈាមនោះ ដោយសារតែខ្លួនខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថា នឹងប្រាប់ឪពុកម្ដាយឱ្យដឹងពីករណីខ្លួនរំលោភសេពសន្ថវៈកាលពី ៧ថ្ងៃមុន។

ចំពោះករណីនេះ សាក្សីនៅក្បែរកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះស្នាក់នៅក្នុងបន្ទប់ជាមួយក្រុមគ្រួសារមានគ្នា៥នាក់ មានឪពុក ម្តាយ និងប្អូន២នាក់ទៀត។ លុះដល់ម៉ោង៦ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឪពុក ម្តាយ បាននាំគ្នាចេញទៅធ្វើការរោងចក្រ និងប្អូនប្រុសចេញទៅរៀន។

ស្រាប់តែម៉ោង៧ព្រឹកថ្ងៃដដែល បងប្អូនអ្នកជិតខាងនៅជិតនោះឮសម្លេងស្រែកក៏នាំគ្នាទៅមើលឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមក្នុងបន្ទប់ មានឃើញស្នាមចាក់ជាច្រើនកាំបិត ក៏នាំគ្នាយកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែជនរងគ្រោះស្លាប់បាត់ទៅហើយ។

គួរជម្រាបថា ដើមឆ្នាំ២០២១នេះ ខេត្តកណ្ដាលកើតឡើងករណីព្រហ្មទណ្ឌច្រើនករណីតួយ៉ាងដូចជាករណីបាញ់បោះសេរី ករណីយកកាំភ្លើងវាយក្បាលបុគ្គលិកខ្លួន ករណីបាញ់រះគម្រាមសមត្ថកិច្ច ករណីផ្សេងៗទៀត ខណៈសមត្ថកិច្ចក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានតាមប្រមាញ់ បង្ក្រាបបានគ្រប់មុខសញ្ញាទាំងអស់៕