(កំពង់ឆ្នាំង)៖ សមាគមក្បាច់គុណល្បុក្កតោនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំការប្រកួតក្បាច់គុណល្បុក្កតោជាមិត្តភាព ដើម្បីដណ្ដើមពានរង្វាន់ឆ្នាំ២០២០ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងន័យរក្សាមរតកដ៏មានតម្លៃរបស់ដូនតាខ្មែរ ដែលមានកីឡាករ-កីឡាការិនីចំនួន៧គូ មកពីសមាគមក្បាច់គុណល្បុក្កតោចំនួន៤ ក្នុងនោះសមាគម២ នៅក្នុងខេត្តកំពង់ឆ្នាំង និងសមាគម២ទៀតមកពីរាជធានីភ្នំពេញ។

នៅក្នុងការប្រកួតនេះដែរ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

លោក គិន ប្រធានសមាគមក្បាច់គុណល្បុក្កតោកុមារទេពមានឬទ្ធិសែនជ័យ ដែលជាម្ចាស់ផ្ទះក្នុងការប្រកួតបានថ្លែងឲ្យដឹងថា សមាគមក្បាច់គុណល្បុក្កតោនៅក្នុងខេត្តកំពង់ឆ្នាំង បានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០០១ ដែលគិតមិនដល់ថ្ងៃនេះមានសមាគមចំនួនពីរ និងមានកីឡាករ-កីឡាការិនីរាប់សិបនាក់ បានមកហាត់ក្បាច់គុន ដើម្បីបន្តថែរក្សាក្បាច់គុណមរតកដូនតាខ្មែរឲ្យបានឋិតថេរគង់វង្ស។

ដោយឡែកនេះជាលើកទី១ហើយ និងជាប្រវត្តិបសាស្ត្រផងដែរ ដែលសមាគមក្បាច់គុណនៅ ក្នុងខេត្តកំពង់ឆ្នាំង បានឯកភាពគ្នារៀបចំការប្រកួតក្បាច់គុណជាមិត្តភាពដើម្បីដណ្ដើមយកពានរង្វាន់ប្រចាំឆ្នាំ ដូចនេះក្នុងនាមលោក តំណាងឲ្យសមាគមក្បាចគុនល្បុក្កតោស្នើ សុំដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវគោរពវិន័យរបស់កីឡាករ ក្នុងការប្រកួតឲ្យបានល្អ ដើម្បីឈានទៅទទួលបានពានរង្វាន់ជាការលើកស្ទួយមុខមាត់សមាគមរបស់ខ្លួន ក៏ដូចជាលើកស្ទួយនូវវប្បធម៌ជាតិផងដែរ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានថ្លែងថា «ក្នុងនាមអាជ្ញាធរក្រុងកំពង់ឆ្នាំង សូមស្វាគមន៍យ៉ាងកក់ក្តៅក្នុងការរៀបចំការប្រកួតកីឡាល្បុក្កតោនៅក្នុងថ្ងៃនេះ។ ក្បាច់គុណល្បុក្កតោ គឺជាមរតកដ៏មានតម្លៃរបស់ដូនតាខ្មែរ យើង ដូច្នេះក្នុងនាមយុវជនយើងជាទំពាំងស្នងឬស្សី ត្រូវតែចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងការពារមរតកដូនតាខ្មែរឲ្យបានគង់វង្ស។ រីឯកីឡាករ គឺជាវិញ្ញាសាដ៏ល្អមួយដែរបានធ្វើឲ្យយើងមានសុខភាពល្អ កម្លាំងខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃ ហើយក៏អាចនាំឲ្យយុវជនយើងនៅឆ្ងាយពីគ្រឿងញៀន និងអំពើអាបាយមុខផ្សេងៗ»។

នៅក្នុងកម្មវិធីប្រកួតកីឡាល្បុក្កតោខាងលើនេះដែរ គណៈកម្មការរៀបចំការប្រកួតដែលអញ្ជើញមកពីសហព័ន្ធកីឡាកម្ពុជា បានថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រកួតនេះមានកីឡាករ-កីឡាការិនីចំនួន៧គូ ដែលមកពីសមាគមចំនួន៤គឺ ទី១៖ សមាគមយាយពៅមានរិទ្ធខេត្តកំពង់ឆ្នាំង, ទី២៖ សមាគមកុមារទេពឫទ្ធីសែនជ័យខេត្តកំពង់ឆ្នាំង, ទី៣៖ សមាគមកសិកម្មព្រែកលាភរាជធានីភ្នំពេញ និងទី៤៖ សមាគមរតនៈឥសានរាជធានីភ្នំពេញ។

ដោយឡែកនៅក្នុងការប្រកួតនេះ ក៏មានការចូលរួមពីប្រជាពលរដ្ឋមន្ត្រីរាជការ និងយុវជនរាប់រយនាក់ ដែលបានចូលរួមទស្សនា និងមានការចូលរួមឧបត្ថម្ភថវិកាពីគណៈអធិបតី និងភ្ញៀវដែលបានចូលរួមទស្សនាឱកាសនោះផងដែរ ដើម្បីលើកទឹកចិត្តដល់កីឡាករ និងគណៈកម្មការរៀបចំការប្រកួត។ លទ្ធផលនៃការប្រកួតចុងក្រោយ គឺលេខ១ បានទៅលើយុវជនមកពីសមាគមកីឡាល្បុក្កតោរតនៈឥសានរាជធានីភ្នំពេញ៕