(តាកែវ)៖ បង្ហាញស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុកគិរីវង់ និងលោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បាននាំយកថវិកា បរិច្ចាគរបស់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកសុខាភិបាល អាជីវករ សហគមន៍កសិកម្ម កសិករ និងប្រជាពលរដ្ឋនៅតាមបណ្តាឃុំទាំង១២ ទូទាំងស្រុក រួមគ្នាបរិច្ចាគថវិកាចំនួន ៦៦,៦៦២,៥០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ក្នុងស្មារតីគាំទ្រយ៉ាងមុតមាំ ប្រជាពលរដ្ឋនៃស្រុកគិរីវង់ ខេត្តតាកែវ បានសម្តែងនូវការសាទរយ៉ាងធំធេងចំពោះដំណឹងដ៏រីករាយនេះ ព្រមទាំងបានរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្តប្រកបដោយទឹកចិត្តរីករាយបំផុត ដើម្បីចូលរួមចំណែកបង្ហាញនូវទឹកចិត្តស្នេហាជាតិមាតុភូមិ វប្បធម៌នៃការចែករំលែកក្នុងគ្រាលំបាក ពិសេសគឺការប្តេជ្ញាខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបាននឹងកំពុងយាយីដល់សុខភាពរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន។

នៅគ្រប់កាលៈទេសៈ ប្រជាពលរដ្ឋទូទាំងស្រុកគិរីវង់ តែងតែមានការជឿជាក់ និងគាំទ្រជានិច្ចលើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ។

ប្រជាពលរដ្ឋនៅទូទាំងស្រុកគិរីវង់ ខេត្តតាកែវ សូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងកត្តវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះការខិតខំលះបង់នូវកម្លាំងកាយចិត្ត បញ្ញាស្មារតី របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការតស៊ូប្តូរផ្តាច់ឥតរាថយដើម្បីបុព្វហេតុជាតិមាតុភូមិតាំងពីដើមរៀងមក។ នៅគ្រប់កាលៈទេសៈដ៏លំបាក សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែដើរតួនាទីដឹកនាំស្នូលដ៏រឹងមាំនិងមោះមុតបំផុត ក្នុងការបញ្ជាដឹកនាំនាវាកម្ពុជា ឱ្យធានារក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាព ឯករាជ្យភាព សុខុមាលភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕