(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រៀបចំពិធីអុជធូបបួងសួង នៅមុខរូបសំណាកលោកតាឌី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបួងសួងសុំកុំឲ្យជំងឺកូវីដ-១៩ បន្តកើតឡើងនៅក្នុងប្រទេសកម្ពុជា។

ពិធីនេះបានធ្វើឡើងស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ស្ថិតនៅមុខបរិវេណរូបសំណាកលោកតាឌី ក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ពិធីនេះ ក៏មានការប្រគុំថ្វាយនូវភ្លេងពិណពាទ្យ និងរៀបចំគ្រឿងសក្ការៈបូជាជាច្រើមមុខទៀត ដើម្បីឧទ្ទិសថ្វាយដល់ទស្សន៍បារមីលោកតាឌី ដែលជាអតីតមេទ័ពដ៏ខ្លាំងពូកែ ដែលប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ តែងតែទៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន មិនចេះលោះថ្ងៃ៕