(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន បានបញ្ចាក់ថា សិទ្ធិដីសមូហភាព មានច្រើនទម្រង់ ហើយប្រភេទដែលគេស្គាល់ច្បាស់ គឺជាសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច អត្តសញ្ញាណជនជាតិដើមភាគតិច នៅប្រទេសកម្ពុជាក្នុងនោះ បងប្អូនដែលជាប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅឃុំក្បាលរមាសចាស់ នឹងទទួលសិទ្ធិកាន់កាប់ដីដោយស្របច្បាប់ ដែលរាជរដ្ឋាភិបាលបានកំណត់ និងផ្តល់ឲ្យ។

លោកថ្លែងបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១កន្លងទៅនោះ ដោយបានដឹកនាំក្រុមការងារខេត្ត ចុះសួរសុខទុក្ខពិនិត្យ និងដោះស្រាយការចុះបញ្ជីសមូហភាពដី របស់សហគមន៍ជនជាតិដើមភាគតិច ព្នង ក្នុងភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ស្រុកសេសាន និងបានចុះពិនិត្យស្ថានភាពជាក់ស្តែង ពីដំណើរការមណ្ឌលសុខភាពតាឡាត ស្ថិតនៅក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក ម៉ុម សារឿន បានបន្តថា ការចុះបញ្ជីសមូហភាពដីរបស់សហគមន៍ជនជាតិដើមភាគតិច ព្នង ក្នុងភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ស្រុកសេសាននេះ គឺបានផ្តល់ផលប្រយោជន៍ដល់ បងប្អូនជនជាតិដើមភាគតិចច្រើន ក្នុងការអាស្រ័យផលលើដីនេះ ដោយមិនឲ្យជនខិលខូចរូបណាមកទន្ទ្រានយកដីសមាគមន៍ ជនជាតិដើមភាគតិចធ្វើជាកម្មសិទ្ធិបានឡើយ។

ដោយមើលឃើញពីការលំបាក់ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិក្បាលរមាសចាស់នេះ លោកអភិបាលខេត្តបានជំរុញឲ្យអាជ្ញាធរស្រុក សហការណ៍ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធចុះសិក្សា និងជួសជុលផ្លូវជាជំហ៊ានៗ ដើម្បីសម្រួលក្នុងការធ្វើដំណើរផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានបន្តដំណើរចុះត្រួតពិនិត្យនូវស្ថានភាពជាក់ស្តែង ពីដំណើរការរបស់មណ្ឌលសុខភាពតាឡាត ដែលបានសាងសង់រួចរាល់ ១០០% ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ក្នុងការទទួលយកសេវាថែទាំសុខភាព នៅក្នុងឃុំតាឡាតទាំងមូល ក៏ដូចជាឃុំមួយចំនួនទៀត ដែលនៅក្បែរមណ្ឌលសុខភាពមួយនេះ៕