(ភ្នំពេញ)៖ តំណាងសហគមន៍ផ្តល់ជំនួយ រួមមានតំណាងអង្គការ UNDP ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលបានដាក់ចេញនូវទស្សនវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីន នៅត្រឹមឆ្នាំ២០២៥។

ការបង្ហាញអំពីការវាតម្លៃខ្ពស់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ អង្គការ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សាធារណរដ្ឋកូរ៉េ (KOICA) និងប្រទេសនូវែលសេឡង់។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០២០ នៃការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល និងកិច្ចពិភាក្សរួមគ្នា លើផែនការសកម្មភាពការងារ ឆ្នាំ២០២១។

លោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះអាជ្ញាធរមីន ដែលបានអនុវត្តដោយជោគជ័យ នូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយសហការយ៉ាងជិតស្និទជាមួយ UNDP រួមគ្នាបន្តដំណើរជួយសង្គ្រោះជីវិត និងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយអង្គការ UNDP នៅតែបន្តតាំងចិត្តយ៉ាងមុតមាំ និងឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបាននៅកម្ពុជា គ្មានមីនឆ្នាំ២០២៥។លោកបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការងារប្រយុទ្ធប្រឆាំង នូវការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩។

តំណាងប្រទេសអូស្ត្រាលី លោក David Bloch អនុទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា បានសម្តែងនូវការគាំទ្រដំណើរការអនុវត្តគម្រោង ហើយជឿជាក់លើសមត្ថភាព របស់អាជ្ញាធរមីន ក្នុងការអនុវត្តគម្រោង រហូតដល់ឆ្នាំ២០២៥ និងការសម្របសម្រួលពីដៃគូ UNDP គម្រោងបោសសម្អាតមីនដំណាក់កាលទី៤ នឹងទទួលជោគជ័យតាមផែនការដែលបានឯកភាព។

លោក Elliott Kirton លេខាទី១ ស្ថានទូតប្រទេសនូវែលសេឡង់ ប្រចាំនៅប្រទេសថៃ ដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online បានសម្តែងនូវការពេញចិត្ត ចំពោះការចូលរួមថវិកាសម្រាប់បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។ តំណាងស្ថានទូតសង្ឃឹមថា នឹងមានឱកាសចុះពិនិត្យ និងសិក្សាស្វែងយល់អំពីតម្រូវការចាំបាច់បន្ថែមទៀត ក្នុងប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា នាថ្ងៃណាមួយ។

លោក Rho Hyunjun នាយកប្រចាំប្រទេស នៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជា បានបញ្ជាក់អំពីការចូលរួមជាមួយគម្រោងបោសសម្អាតមីន ដំណាក់កាលទី៤ ជាថវិកាប្រមាណ ១០លានដុល្លារ។

ក្នុងកិច្ចប្រជុំនេះ ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា នៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ការអនុវត្តគម្រោងនេះ បានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាពប្រមាណ ២៥៤ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋទទួលផលប្រមាណជាង១លាននាក់ ក្រោមការចូលរួមផ្តល់ជំនួយគាំទ្រ ពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ចាប់ពីឆ្នាំ២០០៦ រួមមាន៖ UN អូស្រា្តលី កាណាដា ស្វីស អេស្ប៉ាញ សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័រវេស្ស ស៊ុយអែដ អៀរឡង់ បែលហ្សិក និងបារាំង។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការ UNDP គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេស ចាប់តាំងពីដំណើរការក្នុងឆ្នាំ២០០៦។

ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះការបន្តគាំទ្រដ៏សប្បុរស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ដោយប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីចូលរួមការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការគាំទ្ររួមគ្នារបស់ម្ចាស់ជំនួយ និងអង្គការ UNDP ត្រូវបានវាយតម្លៃខ្ពស់ដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសសហគមន៍ ដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារគ្រាប់មីន ដែលការប្តេជ្ញាចិត្តនេះ គឺមានសារៈសំខាន់ណាស់ ក្នុងខណៈពេលដែលយើងទាំងអស់គ្នា បន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង និងគោលដៅរួមគ្នា ឆ្ពោះទៅរកការសម្រេចបាននូវកម្ពុជា ដែលគ្មានមីននៅឆ្នាំ ២០២៥។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទោះបីជាជំងឺរាតត្បាត Covid-19 ប្រតិបត្ដិការបោសសម្អាតមីននៅកម្ពុជា បានបន្តដោយជោគជ័យ និងដោយសុវត្ថិភាព។ ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានអំណរគុណចំពោះការខិតខំប្រឹងប្រែង និងវីរភាពអ្នកដោះមីនរបស់យើង ដោយធ្វើការទាំងប្រថុយប្រថាន និងមិនខ្លាចញញើត តាមបណ្តាអង្គការរៀងៗខ្លួន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន២,១១៦គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស១,០៩៤,៦១៦គ្រាប់ មីនប្រឆាំងរថក្រោះ២៥,៤៧៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម២,៨៨០,៣១៤គ្រាប់ ដោយមានអ្នកទទួលផល ៥,៦៩៦,៥៥៣នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី២,១៥០ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ៨៣៤គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕