(ភ្នំពេញ)៖ ការខ្វះទីផ្សារ និងតម្លៃកសិផលផលចុះថោកនៅពេលទទួលផល ជាចំណោទបញ្ហាដ៏ធំមួយសម្រាប់កសិផលខ្មែរនាពេលបច្ចុប្បន្ន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន «យ៉ាម៉ាតុ ហ្គ្រីន YAMATO GREEN» របស់ជប៉ុន បានឈានដល់ការចុះអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម។

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

«យ៉ាម៉ាតុ ហ្គ្រីន» គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគវិស័យកសិ-ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដោយមានក្រុមហ៊ុនតូចធំជាដៃគូរបស់ខ្លួនប្រមាណ ១៨ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណ និងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតផលដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ។

ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្មនៅកម្ពុជា ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន បានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានបន្ថែមថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពផលិតផលរបស់ខ្មែរ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន»

លោករដ្ឋមន្ត្រីបន្តថា «ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម និងក្រុមកសិករផលិត នឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារឱ្យមានវិសាលភាពទូលំទូលាយ»

ក្នុងឱកាសនេះ លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួនដល់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពកិច្ចសហការ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកដាំដុះ និងអ្នកផលិត។ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យភាគីពាក់ព័ន្ធគួរមានប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយជាក់លាក់សម្រាប់ចែករំលែកភារកិច្ចទៅតាមមុខងារ និងផ្តល់ព័ត៌មានទៅវិញទៅមកឱ្យទាន់ពេល។

បន្ថែមពីលើនោះក្រុមការងារគួររៀបចំប្រព័ន្ធសម្របសម្រួល និងយន្តការរយៈពេលមធ្យម និងវែង ដើម្បីធានាថា ជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្តល់ដល់ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងក្រុមកសិករផលិតមិនជាន់គ្នា។

លោករដ្ឋមន្ត្រី ក៏បានស្នើក្រុមហ៊ុន «យ៉ាម៉ាតុ ហ្គ្រីន» គួរនាំផលិតផលកសិ-ពាណិជ្ជកម្មពីក្រុមកសិករផលិតខ្នាតតូចទៅទីផ្សារធំៗ បង្កើនការវិនិយោគ និងផ្តល់បច្ចេកទេសអភិវឌ្ឍន៍គ្រប់ដំណាក់កាលនៃវដ្តផលិតកម្មកសិ-ពាណិជ្ជកម្ម ដែលគិតចាប់ពីការដាំដុះ ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយ។ លើសពីនេះ ក្រុមហ៊ុន «យ៉ាម៉ាតុ ហ្គ្រីន» គួរផ្តល់ជំនួយការលើបច្ចេកទេសក្នុងការពង្រឹងការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

លោក សំរិទ្ធ សាកុរា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានលើកឡើងថា ក្រុមហ៊ុន «យ៉ាម៉ាតុ ហ្គ្រីន» ជាក្រុមហ៊ុនមានបទពិសោធន៍ខ្ពស់លើវិស័យកសិ-ពាណិជ្ជកម្ម។ លោកបន្តថា តាមរយៈអនុស្សារណៈនេះ ក្រុមហ៊ុននឹងជួយចែករំលែកបទពិសោធន៍ និងផ្តល់គំរូក្នុងការដាំដុះ ការកែច្នៃ ការរកទីផ្សារ និងការនាំចេញសម្រាប់ផលិតផលរបស់ខ្មែរផងដែរ។

លោក សំរិទ្ធ សាកុរា បានបង្ហាញជំនឿចិត្តថា ក្រុមហ៊ុន «យ៉ាម៉ាតុ ហ្គ្រីន» និងក្រុមហ៊ុនជាដៃគូ នឹងជួយធ្វើឱ្យច្រវ៉ាក់ផលិតកម្ម និងតម្លៃរបស់កសិផលរបស់ខ្មែរកាន់តែល្អប្រសើរ។