(កំពត)៖ អភិបាលខេត្តចំនួន៤ រួមមាន លោកអភិបាលខេត្តកំពត ជាវ តាយ, លោកអភិបាលខេត្តតាកែវ អ៊ូច ភា, លោកអភិបាលខេត្តកំពង់ស្ពឺ វី សំណាង និងលោកអភិបាលខេត្តកែប សោម ពិសិដ្ឋ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពត បានជួបប្រជុំគ្នា ស្ដីពីការកែសម្រួលកំណត់ព្រំប្រទល់ រវាងរដ្ឋបាលខេត្តទាំង៤ ដោយចូលរួម ពីមន្ទីរ ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តនីមួយៗ។

រដ្ឋបាលខេត្តទាំងបួន បើកកិច្ចប្រជុំរួមគ្នានេះឡើង ដោយសារការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង៤គឺ (ខេត្តកំពត,តាកែវ,កំពង់ស្ពឺ និងខេត្តកែប) នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដើម្បីឈានដល់ការកំណត់ឲ្យមានភាពច្បាស់លាស់ និងឯកភាពគ្នា ក្នុងការគ្រប់គ្រងដែនដីរដ្ឋបាលខេត្តនិយាយមួយៗ និងធ្វើការពិនិត្យផ្ទៀងផ្ទាត់លើចំណុចមួយចំនួន នៃព្រំប្រទល់រដ្ឋបាលខេត្ត ដែលមិនទាន់បានឯកភាពគ្នាលើការគ្រប់គ្រងដែនដីរដ្ឋបាល។

ក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានលើកបញ្ជាក់ថា កិច្ចប្រជុំពេលនេះ គឺពិតជាសំខាន់ ក្នុងគោលដៅ តម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូល។ ពិសេសសំដៅការពន្លឿន ឲ្យបានឆាប់រហ័ស ដើម្បីងាយស្រួល បង្កលក្ខណៈបម្រើសេវារដ្ឋបាល សេវាសាធារណៈ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រវាងព្រំប្រទល់ស្រុកនីមួយៗនៃខេត្តទាំង៥ ដែលមានបញ្ហាប្រឈម។

លោកអភិបាលខេត្តកំពត ក៏បានធ្វើការបង្ហាញពីបញ្ហាប្រឈម និងសំណូមពរ មួយចំនួន ដែលរដ្ឋបាលខេត្តកំពត នៅមានបញ្ហា ក្នុងការកំណត់ព្រំប្រទល់ រដ្ឋបាលស្រុក ក្នុងខេត្តកំពត ទៅលើការគ្រប់គ្រងរដ្ឋបាល មិនទាន់មានភាពច្បាស់លាស់ ពិសេសសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។

ក្នុងនោះមានរវាង ឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត និងឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប និងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត, ឃុំអូរក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប, ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត និងឃុំ អូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាមួយឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត និងស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកឈូក ឃុំតេជោអភិវឌ្ឍន៍ខេត្តកំពត និងស្រុកភ្នំស្រួច ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំនោះ បន្តពីចូលរួមមតិយោបល់ពិភាក្សាគ្នា ក៏បានឯកភាពគ្នា ក្នុងទិសដៅបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ត នៃខេត្តទាំង៤៖

* ដើម្បីចុះដល់ទីតាំងកំណត់ ព្រំប្រទល់រដ្ឋបាលភូមិសាស្ត្រជាក់ស្ដែងជាមូលដ្ឋាន និងការស្រង់ទិន្ន័យ មួយច្បាស់លាស់របស់ខ្លួន ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ឈានដល់កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត

* ដើម្បីបានជាឯកសារមូលដ្ឋានជាក់លាក់ ដាក់ចូលក្នុងកិច្ចប្រជុំអន្តរខេត្តទាំងបួន នៅពេលក្រោយទៀត

* ដើម្បីរកចំណុចឯកភាពក្នុងការគ្រប់គ្រងរដ្ឋបាល សំដៅធ្វើយ៉ាងណាពន្លឿនក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋនៅភូមិឆ្ងាយៗទទួលបានសេវារដ្ឋបាល សេវាសាធារណៈ ក៏ដូចជាការផ្តល់ផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋ និងឲ្យអាជ្ញាធរ ងាយស្រួលគ្រប់គ្រង ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាជន និងឲ្យ ឃុំ ភូមិ នៅជិតគ្នាសហការគ្នា ធ្វើការជាមួយគ្នាល្អ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពរីកចម្រើន

* ជាពិសេសទៀតនោះ នៅចំពោះមុខនេះ ក៏សំដៅសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាន់តែមានលក្ខណៈងាយស្រួលផងដែរ៕