(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ឱ្យដឹងថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រយ:ពេលជាង១ខែ ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលការឆ្លងនៃជំងឺកូវីដ១៩ រលកថ្មីនៅក្នុងប្រទេសថៃ។ នេះបើតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ស្ថានទូតកម្ពុជា បានស្នេីឱ្យប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ បន្តចូលរួម សហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃ ឱ្យបានខ្ជាប់ខ្លួន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

បន្ថែមពីនេះ ប្រសិនករណីប្រជាពលរដ្ឋ មានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ទ៖ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុលសិស្ស និស្សិត) និង០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)។

ប្រទេសថៃបច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ៨,៩៦៦នាក់ ក្នុងនោះស្លាប់ ៦៥នាក់ និងជាសះស្បើយឡើងវិញ ៤,៣៥២នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ៖