(ឧត្តរមានជ័យ)៖ ពលករម្នាក់រួមនិងសមាជិកគ្រួសាររបស់ខ្លួនចំនួន ៨ នាក់ទៀត ត្រូវបានកម្លាំងនគរបាល និងក្រុមគ្រូពេទ្យនៅខេត្តឧត្តរមានជ័យ នាំខ្លួនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ព្រោះតែពលកររូបនេះមិននៅធ្វើចត្តាឡីស័កដូចគ្នា ក្រោយត្រលប់ពីប្រទេសថៃ។ ពលកររូបនេះមានឈ្មោះ ថាំង សួង អាយុ២២ឆ្នាំ មានទីលំនៅនៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ការចុះនាំខ្លួនពលករ ថាំង សួង និងក្រុមគ្រួសារខាងលើទៅធ្វើចត្តាឡីស័កវិញនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក្រោយទទួលបានព័ត៌មានពីចៅសង្កាត់កូនគ្រៀល។

អាជ្ញាធរខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលករទាំងអស់ដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវចូលរួមអនុវត្តន៍វិធានការសុខាភិបាលឱ្យបានដាច់ខាត។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា បើបានដឹងព័ត៌មានថាមានពលរដ្ឋមកពីក្រៅប្រទេស មកដល់មូលដ្ឋានដោយមិនធ្វើចត្តាឡីស័កនោះ ត្រូវចូលរួមសហការរាយការណ៍ជាបន្ទាន់មកដល់អាជ្ញាធរ ឬសមត្ថកិច្ចឱ្យបានឆាប់បំផុត។

ដោយឡែក លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងនាព្រលប់ថ្ងៃទី០៣ ខែមករានេះថា ពលករឈ្មោះ ថាំង សួង និងក្រុមគ្រួសារសរុប ៨ នាក់នេះ ត្រូវបាននាំទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅស្រុកអន្លង់វែង និងបានយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ហើយ។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ត្រីមូលដ្ឋានថា ពលករដែលមកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ ដាច់ខាតត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ចំពោះពលករមកពីច្រកផ្សេងៗ លោកប្រធានមន្ទីរអំពាវនាវឱ្យអាជ្ញាធរភូមិ ឃុំ ត្រូវតាមដានឱ្យបានច្បាស់ និងត្រូវរាយការណ៍បន្ទាន់មកមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងការពារប្រជាពលរដ្ឋក្នុងភូមិ ឃុំរបស់ខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩៕