(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១-២ ខែមករា ឆ្នាំ២០២១នេះ បានចុះបំពេញបេសកកម្មនៅ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពសុខាភិបាល ជាពិសេសពិនិត្យមើលការរៀបចំធ្វើចត្តាឡីស័កចំពោះពលករមកពីប្រទេសថៃ។

អំឡុងបេសកកម្មនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយអភិបាលនៃ គណៈអភិបាលខេត្តទាំងបួន ព្រមទាំងបានចុះពិនិត្យមើលតាមច្រកព្រំដែន មណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យខេត្តទាំងបួននេះ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីបានសម្តែងការសរសើរចំពោះការខិតខំប្រឹងប្រែង និងសាមគ្គីភាពដ៏ល្អ រវាងថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងផ្នែកពាក់ព័ន្ធដទៃទៀតក្នុងការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជាបានយ៉ាងល្អហ្មត់ចត់។

រដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តទាំងបួន ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ដូចជាការតាមដានពិនិត្យ សុខភាព ការប្រមូលសំណាក និងការធ្វើចត្តាឡីស័កពេញលេញ គ្រប់ពលករទាំងអស់ដែលបានវិល ត្រឡប់មកពីប្រទេសថៃវិញ។

ដើម្បីសម្រួលដល់ការលំបាករបស់ពលករទាំងអស់ ដែលកំពង់ធ្វើចត្តាឡីស័កនៅតាមខេត្តទាំងបួន តាមរយៈការគោរពស្នើសុំរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចឧបត្ថម្ភថវិកាបន្ថែមសម្រាប់ម្ហូបអាហារហូបចុករបស់ពលករ ដែលកំពង់ធ្វើចត្តាឡីស័ក និងកញ្ចប់ សម្ភារប្រើប្រាស់សម្រាប់ចែកជូនពលករ។

ក្រសួងសុខាភិបាល ក៏បានដាក់ជូនក្រុមគ្រូពេទ្យជំនាញផ្នែក កូវីដ-១៩ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន៥នាក់ ដើម្បីជួយដឹកនាំបន្ថែមទៀតដល់គ្រូពេទ្យ មន្ទីរពេទ្យខេត្តប៉ៃលិន ដែលមានចំនួន៤ក្រុមរួចមកហើយ ព្រមទាំងផ្គត់ផ្គង់ឱសថបរិក្ខារពេទ្យបន្ថែម។

ក្នុងឱកាសនោះ ក្រុមឆ្លើយតបបន្ទាន់ថ្នាក់កណ្តាល បានចុះទៅហ្វឹកហ្វឺនបន្ថែមដល់ក្រុមឆ្លើយតបបន្ទាន់របស់ខេត្តប៉ៃលិនផងដែរ៕