(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបានចុះពិនិត្យ សួរសុខទុក្ខប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការនៅតាមមណ្ឌលធ្វើចក្តាឡីស័ក ក្នុងស្រុកជាំក្សាន្ត និងមណ្ឌលធ្វើចក្តាឡីស័ក នៅក្រុងព្រះវិហារ ព្រមទាំងបន្តចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់នៅរង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។

ក្នងឱកាសនោះដែរ លោក ប្រាក់ សុវណ្ណ បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលធ្វើចត្តាឡីស័កទាំងអស់ នៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ ក្នុងបំពេញការងារឱ្យបានល្អ ដោយសហការជាមួយអាជ្ញាធរស្រុកក្រុង ពិសេសត្រូវខិតខំប្រមូលព័ត៌មានពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណាណែនាំផ្សព្វផ្សាយ ឱ្យពួកគាត់មកសម្រាកធ្វើចក្តាឡីស័ក នៅមណ្ឌលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

លោកក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេស ត្រូវចូលរួមអនុវត្តដោយធ្វើចក្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលកូវីដ-១៩ ហើយត្រូវមានការជឿជាក់លើក្រុមគ្រូពេទ្យ និងអជ្ញាធរក្រុងស្រុក និងខេត្តក្នុងការពារសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

ទាក់ទងនឹការពង្រីកផ្លូវនៅទីប្រជុំជនរង្វង់មូលស្រអែមនេះ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសហការយ៉ាងជិតស្និទ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរ និងសមត្ថកិច្ចស្រុកជាំក្សាន្ត ដែលរហូតមកដល់ថ្ងៃនេះ បរិវេណជុំវិញរង្វង់ស្រអែម និងមុខផ្សារស្រអែម គឺបានពង្រីកផ្លូវបានធំទូលាយល្អ ដែលធ្វើឱ្យសោភ័ណភាពនៅទីនេះ មានភាពល្អប្រសើរខុសពីពេលមុន ពិសេសធ្វើឱ្យកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

សូមបញ្ជាក់ថា សម្ភារដែលផ្តល់ជូនក្នុងមួយមណ្ឌលរួមមាន៖ ប្រជាពលរដ្ឋដែលសម្រាក នៅមណ្ឌលចក្តាឡីស័កទាំងពីរមណ្ឌល ចំនួន ៨នាក់ (មណ្ឌលជាំក្សាន្តចំនួន ៥នាក់ ផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ ចំនួន៣នាក់) ក្នុងម្នាក់ ទឹកសុទ្ធ១ កេស មី១កេស សារុង១ ជែល ១ដប និងថវិកាចំនួន ៣០,០០០រៀល។ ផ្តល់ជូនមន្រ្តីប្រចាំការនៅមណ្ឌលចក្តាឡីស័កចំនួន ២៣នាក់ (ស្រុកជាំក្សាន្តចំនួន ១០នាក់ និងមណ្ឌលចក្តាឡីស័កនៅផ្ទះសំណាក់គ្រូ ក្រុងព្រះវិហារ ចំនួន១៣) ក្នុងម្នាក់ៗថវិកា ៣០,០០០រៀល សារុង១ និងម៉ាសទុកប្រើប្រាស់នៅមណ្ឌលចំនួន ៣ប្រអប់, ផ្តល់ជូននគរបាលការពារទាំងបីទីតាំងចំនួន ២០នាក់ ក្នុងម្នាក់ៗ ចំនួន២០,០០០រៀល។

លោក ប្រាក់ សុវណ្ណ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការក្រសួងសុខាភិបាលឱ្យបានទៀងទាត់ ពោលគឺត្រូវឧស្សាហ៍លាងសម្អាតដៃដោយសាប៊ូ ទឹកអាល់កុល និងជែល ត្រូវពាក់ម៉ាសជាប់ជានិច្ចពេលស្ថិតក្នុងទីប្រជុំជន ឬក្នុងកម្មវិធីផ្សេងៗ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើង កុំឱ្យកើតជំងឺកូវីដ-១៩៕