(ភ្នំពេញ)៖ សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស បានបដិសេធ មិនទទួលយកការចុះសួរសុខទុក្ខពី មេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នោះទេ។ នេះបើតាមការផ្សព្វផ្សាយ នៅលើទំព័រ Facebook របស់ លោក មាជ សុវណ្ណារ៉ា។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីម្សិលមិញ បានអះអាងថា លោកនឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំការអនុញ្ញាត ឱ្យលោក បានចុះជួបសួរសុខទុក្ខសមាជិក គណបក្សសង្គ្រោះជាតិ១៥រូប ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។ លោកបានបញ្ជាក់ថា ក្នុងនាមអ្នកនយោបាយត្រូវចេះឈឺឆ្អាល ពីសុខទុក្ខជីវិតអ្នកនយោបាយដូចគ្នា ទោះបីជាយើងនៅបក្សផ្សេងគ្នា ប៉ុន្តែឆន្ទៈស្នេហាជាតិយើងដូចគ្នា, នេះជានយោបាយថ្មី។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា លោកពុំទាន់ដឹងអំពីរឿងនេះនៅឡើយទេ ប៉ុន្តែលោកថា ការសម្រេចយ៉ាងណានោះ គឺជារឿងបុគ្គល ហើយគណបក្សសង្រ្គោះជាតិមិនមានភាពចង្អៀតចង្អល់ហាមឃាត់ដល់រឿងនេះឡើយ។

ចំណែក លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានអះអាងថា លោកក៏ពុំទាន់ទទួលបានដំណឹងនេះនៅឡើយ។

នៅលើ Facebook លោក មាជ សុវណ្ណារ៉ា នារសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានផ្សព្វផ្សាយថា មន្ត្រីនិងសកម្មជនរបស់គណបក្សសង្រ្គោះជាតិទាំង១៥រូប ដែលកំពុងតែជាប់នៅ​ក្នុងពន្ធនាគារព្រៃស បានបដិសេធមិនជួបជាមួយការចង់មកសួរសុខទុក្ខពួកគេ នៅក្នុងពន្ធនាគាររបស់មេបក្សយុវជនកម្ពុជាឡើយ។

Facebook នេះបានផ្សព្វផ្សាយថា មូលហេតុដែលពួកគេបដិសេធមិនជួប លោក ពេជ្រ ស្រស់នោះដោយសារតែការបារម្ភពីមេបក្សថ្មី ដែលធ្លាប់តែរិះគន់បក្សសង្គ្រោះជាតិនោះ យកទៅពន្យល់​និងបកស្រាយ​ខុសពីគំនិត និងទស្សនៈនយោបាយរបស់ពួកគាត់ នៅមជ្ឈដ្ឋានសាធារណៈខាងក្រៅ។

សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារ សាធារណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង លោក មាជ សុវណ្ណារ៉ា នាយកព័ត៌មាន គណបក្សសង្រ្គោះជាតិផងដែរ៕