(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យនៅប្រទេសសិង្ហបុរី បានបើកវគ្គបណ្តុះបណ្តាល ចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្ត្រ និងគាំពារសុខភាព ដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពនៅខេត្តកំពង់ឆ្នាំងតាមកម្មវិធី Zoom ដោយផ្តោតសំខាន់ទៅលើការបង្ការ ទប់ស្កាត់ ការពារចំពោះការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងចំណេះដឹងពាក់ព័ន្ធនឹងការមើលរោគសញ្ញា សង្គ្រោះ និងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩។

វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមពីថ្ងៃទី ២៨-៣០ ខែធ្នូ ឆ្នាំ២០២០ ដែលមានបណ្តាក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពក្នុងស្រុកប្រតិបត្តិចំនួន ៤ចូលរួម។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមកិច្ចសហការល្អ រវាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងសកលវិទ្យាល័យសុខាភិបាលសិង្ហបុរី តាមរយៈអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព។

លោកស្រី កែវ រ៉ានី នាយិកាអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់បំផុត ដែលត្រូវផ្ទេរចំណេះជំនាញ និងបទពិសោធន៍ពីក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់ នៅក្នុងប្រទេសសិង្ហបុរី ចែករំលែកដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពក្នុងខេត្តកំពង់ឆ្នាំង។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត វេជ្ជបណ្ឌិតជាគ្រូបង្គោលនៅកម្ពុជាចំនួន ៨នាក់ គ្រូពេទ្យជាសិក្ខាកាមមកពីមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ក្រុងកំពង់ឆ្នាំង ស្រុកបរិបូណ៌ និងស្រុកទឹកផុស សរុបចំនួន ១៣ នាក់ រួមនឹងក្រុមគ្រូពេទ្យនៅសកលវិទ្យាល័យសុខាភិបាលប្រទេសសិង្ហបុរីចំនួន ១២ នាក់ទៀត។

ស្ថិតក្នុងបរិបទកូវីដ១៩ កំពុងរាតត្បាតលើសកលលោកបែបនេះ វគ្គបណ្តុះបណ្តាលត្រូវបានអនុញាតអោយរៀនតាមកម្មវិធី Zoom ដែលបានបង្ហាត់បង្រៀនពីប្រទេសសិង្ហបុរីផ្ទាល់ ដោយក្រុមគ្រូពេទ្យជាគ្រូបង្គោលនៅសាកលវិទ្យាល័យសុខាភិបាលសិង្ហបុរី រួមនឹងមានការសម្របសម្រួលទាំងភាសា និងការអនុវត្តពីគ្រូបង្គោលនៅកម្ពុជាផងដែរ។

លោកស្រីនាយិកាបានបន្តថា ការសិក្សាបានផ្តោតសំខាន់បំផុតលើជំងឺកូវីដ១៩ ដែលក្នុងនោះមានការបង្រៀនពីវិធីបង្ការការពារ ការមើលរោគសញ្ញា ការសង្គ្រោះ ការព្យាបាល និងការប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកវីរុសកូវីដ១៩ និងវិធីសាស្ត្រក្នុងការយកសំណាកអ្នកសង្ស័យជាដើម។

ក្រៅពីនោះ គ្រូបង្គោលបានបង្ហាញឱ្យសិក្ខាកាមដឹងពីអាការៈបុគ្គលមានរោគសញ្ញាវីរុសកូវីដ១៩ គឺគ្រុនក្ដៅយ៉ាងតិច ៣២ អង្សាសេ ក្អក ហៀរសំបោ ឈឺបំពង់ក ហត់ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើមកពីបរទេស ឬស្នាក់នៅប្រទេសផ្សេង ក្រៅពីកម្ពុជា ឬបានបះពាល់អ្នកជំងឺកូវីដ១៩ បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងអំឡុង ១៤ ថ្ងៃ មុនចេញរោគសញ្ញា។ ចំណែកអ្នកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្ដៅ និងមានរោគសញ្ញាយ៉ាងតិចមួយ ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងពីមូលហេតុច្បាស់លាស់ និងតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ គ្រូពេទ្យជាគ្រូបង្គោលនៅសិង្ហបុរីបានបង្រៀនដល់សិក្ខាកាមជាគ្រូពេទ្យមកពីតាមបណ្ឌលសុខភាព ឱ្យយល់ដឹងពីកម្រិតសារធាតុអេតាណុល និងមេតាណុលនៅក្នុងស្រា ដើម្បីយកទៅពិនិត្យ និងអនុវត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះបង្ការការពារពីការពុលស្រា ព្រោះកន្លងមកនៅក្នុងខេត្តកំពង់ឆ្នាំងមានហេតុការណ៍ពុលស្រា ២ លើក និងមានអ្នករងគ្រោះដល់អាយុជីវិតទៀតផង៕