(ភ្នំពេញ)៖ ស្ថានឯកទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី នាថ្មីៗនេះ បានអន្តរាគមន៍ជួយពលការិនីខ្មែរ០២នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ដើម្បីឲ្យបានវិល​ត្រឡប់មកកម្ពុជាវិញ។  នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ក្រសួងការបរទេសបានបញ្ជាក់ថា ពលការិនីខ្មែរទាំង០២នាក់នោះ មានទី១- ប៊ុន ចាន់ដេត  អាយុ២៥​ឆ្នាំ នៅភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របូរី ខេត្តក្រចេះ ដែលបានទៅធ្វើការជាស្រ្តីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០១៣ និងបានមកស្ថានទូត នៅថ្ងៃទី០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សុំឲ្យជួយទាមទារប្រាក់ខែនៅសេស​សល់ពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រោយពីមានការអន្តរាគមន៍​យ៉ាងស្វិតស្វាញ​របស់ស្ថានទូត ថៅកែបានយល់ព្រមបើក ប្រាក់ខែដែលនៅសេសសល់គ្រប់ចំនួនឲ្យពលការិនី ប៊ុន ចាន់ដេត  ព្រមទាំងបានបង់ប្រាក់ពិន័យ​ឲ្យរដ្ឋាភិបាល​ម៉ាឡេស៊ី និងបានទិញសំបុត្រយន្តហោះឲ្យទៀតផង និងទី២- ឌី ស៊ីណេត អាយុ២៥ ឆ្នាំ នៅភូមិបិទស្លាស្នាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទៅធ្វើការ​ជាអ្នកបោសសំអាត​នៅប្រទេស​ម៉ាឡេស៊ី តាំងពីថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ និងបានមកស្ថានទូត នៅថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សុំអោយជួយបានត្រឡប់មកកម្ពុជាវិញ។

តាមការប្រកាសរបស់ក្រសួងនេះ​, ពលការិនីទាំងពីរនាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ វេលាម៉ោង ១៦៖០០ តាមជើងយន្តហោះ AK ៥៣៤៕